តាមសារព័ត៌មានក្នុងស្រុកបានផ្សាយថា លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីអាវុធហត្ថ២នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួនទៅធ្វើការសួរនាំ កាលពីម្សិលមិញហើយបានបញ្ជូនមកសួរនាំបន្ដនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។
លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់អ្នកសារព័ត៌មានថា កម្លាំងជំនាញអាវុធហត្ថលើផ្ទៃប្រទេសពិតជាបាននាំខ្លួនអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ចំណែកលោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កម្លាំងជំនាញពិតជាបាននាំខ្លួននាយអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន ពាក់ព័ន្ធករណីគ្រឿងញៀន។ ប៉ុន្ដែលោកបញ្ជាក់ថា នៅពេលបញ្ចប់ការសួរនាំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ៕