លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រាប់សហរដ្ឋអាមេរិក គួរតែឈប់ប្រើប្រាស់បញ្ហាសន្តិសុខតាមអ៊ីនធឺណិត ដើម្បីនិយាយបង្កាច់បង្ខូចចិន។
លោក បានលើកឡើងថា ចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារដោយលាបពណ៌របស់អាមេរិក ប្រឆាំងនឹងប្រទេសចិនដោយគ្មានមូលដ្ឋានការពិតណាមួយ។ ចិនខ្លួនឯងគឺជាគោលដៅនៃការវាយប្រហារតាមអ៊ីនធឺណិតអន្តរជាតិ ហើយតែងតែប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃការវាយប្រហារតាមអ៊ីនធឺណិត ។
អ្នកនាំពាក្យរូបនេះ បាននបន្ថែមថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវតែបញ្ឈប់ការប្រើប្រាស់សន្តិសុខតាមអ៊ីនធឺណិត ដើម្បីនិយាយបង្កាច់បង្ខូចប្រទេសចិន និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតគ្រប់ប្រភេទអំពីអ្វីដែលហៅថាការគំរាមកំហែងលួចចូលរបស់ចិន។ យើងសង្ឃឹមថាភាគីពាក់ព័ន្ធនឹងប្រកាន់យកអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវនៅពេលកំណត់លក្ខណៈនៃឧប្បត្តិហេតុតាមអ៊ីនធឺណិត ដោយផ្អែកទៅលើការសន្និដ្ឋានរបស់ពួកគេលើភស្តុតាងគ្រប់គ្រាន់ ជាជាងការរំពឹងទុក និងការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយខាងលើនេះ បានធ្វើឡើងបន្ទាប់ពីកាសែត New York Times រាយការណ៍កាលពីថ្ងៃចន្ទថា ក្រសួងរតនាគារសហរដ្ឋអាមេរិក ចោទប្រកាន់ពួក Hacker ដែលទាក់ទងនឹងប្រទេសចិនថារំលោភលើប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួន៕
ដោយ៖ ពេជ្រ