លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ញើញប្រគល់ពានរង្វាន់ មហោស្រពណូអែល នៃក្តីស្រលាញ់

បន្ទាយមានជ័យ ៖លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្តខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ មហោស្រព  ណូអែល នៃក្តីស្រលាញ់ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នាទីលានស្មៅធម្មជាតិ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដែលបានរៀបចំឡេីងដោយក្រុមជំនុំ ម៉េតូឌីស នៃខេត្តបន្ទាយមានជ័យ ។

 ក្នុងនាឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្តខេត្ត បានលើកឡើងថា កីឡា រស់ក្នុងសន្តិភាព កីឡាធ្វើឲ្យយើងបង្កើតបាននូវសុខភាព មិត្តភាព សាមគ្គីភាព ភាតរភាព និងជួយឲ្យយើងនៅឆ្ងាយពីអំពើអបាយមុខផ្សេងៗ កីឡាជាការបញ្ចេញនូវកាយវិការ ចលនា ដើម្បីបញ្ចេញញើសនិងជាតិពុលផ្សេងៗនៅក្នុងខ្លួន កីឡាបានផ្តល់ប្រយោជន៍ដល់មនុស្សយ៉ាងច្រើន បើយើងប្រព្រឹត្តវាបានជាប់លាប់ល្អ ដែលរួមមានដូចជា៖ ផ្តល់នូវបរិយាកាសរីករាយ មិត្តភាព សាមគ្គីភាព និងភារតភាព មានចិត្តអំណត់ និងគ្មានការគុំគួន រាងកាយមាំមួនល្អ និងលូតលាស់បានល្អ មានភាពរហ័សរហួន មិនស្ពឹកស្រពន់ មានសុខភាពល្អ មានបញ្ញាឈ្លាស់វៃ ផងដែរ។

  ជាមួយគ្នានោះផងដែរ លោកក៍បានក្រើនរំលឹកដល់កីឡាករ ថា ក្រុមកីឡាករនីមួយៗ ត្រូវខិតខំហ្វឹកហាត់ឲ្យបានល្អ ដើម្បីបង្កើនសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសបន្ថែមទៀត ដើម្បីយកជ័យជំនះជូនក្រុមរបស់ខ្លួន និងពង្រឹងសមត្ថភាពដើម្បីអាចប្រកួតប្រជែង ជាមួយស្ថាប័នផ្សេងៗបន្តទៀត។

   លោក គឹម វិវឌ្ឍ ដែលជាគ្រូគង្វាលនៃក្រុមជំនុំ មេតូឌីស្ទ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ៖ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ក្នុងឱកាសនេះ គឺធ្វើឡើងក្នុងគោលបំណងមិនត្រឹមតែបំផុសស្មារតី ចលនាយុវជនឲ្យចូលចិត្ត និងស្រឡាញ់វិស័យកីឡាប៉ុណ្ណោះទេ តែបំណងសំខាន់នោះគឺ ចែករំលែកបទពិសោធន៍ ពិសេសមិនយកពេលវេលា ទៅប្រព្រឹត្តអំពើឧបាយមុខ ក្នុងសង្គមដូចជា សេពគ្រឿងញៀន និងបោះបង់ការសិក្សាជាដើម។ ក៏ដូចជារឹងចំណងនៃក្តីស្រលាញ់ ក្នុងឱកាស  មហោស្រពណូលអែល នៃក្តី្រសលាញ់ ហេីយជារៀងរាល់ឆ្នាំ ក្រុមជំនុំ ម៉េតូឌីស តែងតែរៀបចំព្រឹត្តិការណ៍កំសាន្ត សប្បាយផ្សេងៗ ដល់ប្រជាពលរដ្ធនៅក្នុងខេត្តបន្ទាយមានជ័យ។

ជាចុងបញ្ចប់នៃកម្មវិធី គណៈអធិបតីក៏បានប្រកាសជាលទ្ធផល ក្រុមដែលលេីកពាន លេខ១ បានទៅលេីក្រុមមហាជន លេខ២ បានទៅលេី ក្រុមរដ្ធបាលក្រុង សិរីសោភ័ណ លេខ៣ បានទៅលេីក្រុមសាលាខេត្ត បន្ទាយមានជ័យ និងលេខ៤ បានទៅលេីក្រុមម៉េតូឌីស ព្រះពរ Power Cross៕

Written by 

Related posts

Leave a Comment