វេណេស៊ុយអេឡា ប្រញាប់ប្រញាល់ចល័តទ័ព ខណៈយោធាអាមេរិក នៅការ៉ាប៊ីនកាន់តែច្រើន

ប្រទេសវេណេស៊ុយអេឡា បានបញ្ជាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឱ្យប្រុងជើងការខ្ពស់ និងបញ្ជាឱ្យដាក់ពង្រាយកងទ័ពទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការបន្តបង្កើនកងកម្លាំងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ការ៉ាប៊ីន។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Vladimir Padrino Lopez បានប្រកាស កាលពីល្ងាចថ្ងៃអង្គារថា កងទ័ពជិត ២០០,០០០ នាក់ ត្រូវបានចល័ត និងដាក់ឱ្យប្រុងជើងការខ្ពស់ ដោយរួមមានកងកម្លាំងដីគោក អាកាស កងទ័ពជើងទឹក និងកងកម្លាំងបម្រុង ដើម្បីធានាការការពារប្រទេស។

ការប្រកាសនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក រាយការណ៍ថា នាវាផ្ទុកយន្តហោះ ‘USS Gerald R. Ford’ និងនាវាចម្បាំង ៣ គ្រឿង ដែលអមដំណើរ នឹងចូលក្នុងតំបន់ដែលត្រួតពិនិត្យដោយបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក ដែលមន្ទីរបញ្ចកោណ កំណត់ថាគ្របដណ្តប់ភាគច្រើននៃអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន។

នាវា ‘Ford’ ដែលជានាវាផ្ទុកយន្តហោះដ៏ធំ និងទំនើបបំផុតរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមាននាវិកប្រហែល ៤,០០០ នាក់ ត្រូវបានដាក់ពង្រាយឡើងវិញពីដែនទឹកអឺរ៉ុបទៅកាន់អាមេរិកឡាទីន ជាផ្នែកមួយនៃបេសកកម្មមួយដែលអះអាងថាទប់ស្កាត់ការជួញដូរគ្រឿងញៀន។

 ការមកដល់របស់នាវានេះ ត្រូវគេរាយការណ៍ថា នឹងដឹកយោធាអាមេរិកមកបន្ថែមនៅក្នុងតំបន់ការ៉ាប៊ីន ដែលអាចកើនឡើងដល់ប្រហែល ១៥,០០០ នាក់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment