ផ្ទុយពីសារព័ត៌មានថែ ,ខណដែលសារព័ត៌មានធំៗលើពិភពលោក ផ្សព្វផ្សាយពីការបាញ់ប្រហាររបស់ទាហានថៃ លើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់កាលពីម្សិលមិញ

បណ្តាញសារព័ត៌មានធំៗលើពិភពលោក បានចុះផ្សាយព្រោងព្រាតអំពីទង្វើដ៏ព្រៃផ្សៃរបស់ទាហានថៃដែលបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ៣ នាក់កាលពីម្សិលមិញ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ការចុះផ្សាយព័ត៌មានទាំងនោះរួមមាន៖ សារព័ត៌មាន AP របស់អាមេរិកបានផ្សាយដោយដាក់ចំណងជើងធំៗថា “ ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ក្តៅគគុកឡើងវិញ ខណៈមានរបាយការណ៍ថា ពលរដ្ឋខ្មែរម្នាក់ត្រូវបានសម្លាប់”។ នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងថា ពលរដ្ឋម្នាក់ត្រូវបានសម្លាប់ នៅពេលមានការបាញ់ប្រហារកើតឡើងកាលពី ថ្ងៃពុធ នៅតាមបណ្តោយព្រំដែនដ៏ផុយស្រួយជាមួយប្រទេសថៃ ខណៈបទឈប់បាញ់ ដែលសម្របសម្រួលពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រូវរលាយបាត់ទៅហើយ។

សារព័ត៌មាន Reuters របស់អង់គ្លេស ផ្សាយថា “ មនុស្សម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជា ជម្លោះជាមួយប្រទេសថៃផ្ទុះឡើងជាថ្មីកាលពីថ្ងៃពុធ”។

សារព័ត៌មាន Anadolu របស់តួកគីក៏ផ្សាយដែរថា  “ ជនស៊ីវិលកម្ពុជា ៥ នាក់ ត្រូវរបួសកាលពីថ្ងៃពុធ ដោយសារការបាញ់ប្រហារនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភាគីថៃ ផ្អាកកិច្ចព្រមព្រៀងសន្តិភាព”។

ដោយឡែក បើតាមការផ្សាយរបស់សារព័ត៌មានចិន Xinhua ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា “ ទាហានថៃបានបើកការបាញ់ប្រហារទៅលើពលរដ្ឋកម្ពុជា នៅក្នុងជម្លោះព្រំដែនដែលកំពុងបន្ត ដោយបណ្តាលឲ្យមនុស្ស ប្រាំនាក់រងរបួស”។

ការផ្សព្វផ្សាយយ៉ាងព្រោងព្រាតនៅលើពិភពលោកនូវព័ត៌មានពិតបែបនេះ វាផ្ទុយគ្នាពីការផ្សាយរបស់សារព័ត៌មានប្រទេសថៃដែលបានផ្សាយលាបពណ៌ ទម្លាក់កំហុសមកលើកម្ពុជា។ ទន្ទឹមនោះការផ្សាយរបស់សារព័ត៌មានធំៗលើពិភពលោក ក៏កំពុងតែបង្ហាញពីអំពើព្រៃផ្សៃ និងរំលោភកិច្ចព្រមព្រៀងសន្តិភាពរបស់ភាគីថៃ  ហើយសង្ឃឹមថា កម្ពុជានឹងទទួលបានយុត្តិធម៌មិនខាន៕

Written by 

Related posts

Leave a Comment