ព្រឹទ្ធសភាអាមេរិក បោះឆ្នោតជំទាស់ផែនការវាយចូលវេណេស៊ុយអេឡាហើយ

យោងតាមការផ្សាយផ្ទាល់នៃសម័យប្រជុំ C-SPAN ព្រឹទ្ធសភាអាមេរិក បានបដិសេធសេចក្តីសម្រេចមួយ ដើម្បីរារាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ ពីការវាយប្រហារលើប្រទេសវេណេស៊ុយអេឡា ដោយគ្មានការអនុញ្ញាតពីសភា។

សមាជិកព្រឹទ្ធសភារហូតដល់ ៤៩ រូបបានគាំទ្រសេចក្តីសម្រេចនេះ និង ៥១ រូប បោះឆ្នោតប្រឆាំង។

សេចក្ដីសម្រេចនោះ ចង្អុលបង្ហាញថា សភាមានអំណាចតែមួយគត់ក្នុងការប្រកាសសង្គ្រាម ដោយកត់សម្គាល់ថា សភាមិនបានប្រកាសសង្គ្រាម ឬអនុម័តការអនុញ្ញាតជាក់លាក់ណាមួយសម្រាប់ការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងសាធារណរដ្ឋបូលីវ៉ារនៃប្រទេសវេណេស៊ុយអេឡា ឬអង្គការឧក្រិដ្ឋកម្មឆ្លងដែនណាមួយឡើយ។

ដោយឡែក CNN បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពព័ត៌មានថា រដ្ឋបាលលោក ត្រាំ កំពុងស្វែងរកយោបល់ផ្នែកច្បាប់ដាច់ដោយឡែកពីក្រសួងយុត្តិធម៌ ដែលនឹងផ្តល់យុត្តិកម្មសម្រាប់ការបើកការវាយប្រហារប្រឆាំងនឹងគោលដៅដីគោកដោយមិនចាំបាច់សុំឱ្យសភាអនុញ្ញាតកម្លាំងយោធា។

មន្ត្រីរដ្ឋបាលសហរដ្ឋអាមេរិក គឺលោក Marco Rubio រដ្ឋមន្ត្រីការបរទេស និងលោក Pete Hegseth ប្រធានមន្ទីរបញ្ចកោណ បានប្រាប់សមាជិកសភានៅក្នុងសន្និសីទសារព័ត៌មានបិទទ្វារមួយ កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បច្ចុប្បន្នមិនមានផែនការ ឬមូលដ្ឋានច្បាប់សម្រាប់ការវាយប្រហារលើគោលដៅដីគោកនៅក្នុងប្រទេសវេណេស៊ុយអេឡានោះទេ ដោយពន្យល់ថា យោបល់ផ្នែកច្បាប់ដែលមានស្រាប់បានអនុញ្ញាតឱ្យមានការវាយប្រហារតែលើទូកដែលអាជ្ញាធរអាមេរិកជឿថាដឹកគ្រឿងញៀនប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment