ដោយគិតគូរពីផលប្រយោជន៍មនុស្សជាតិ ប្រាជ្ញាចិនស្តីពី«កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» បាននិងកំពុងបំពេញខ្លឹមសារជាសារវន្តនៅក្នុងវេទិកាAPEC ២០២៥ ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្រ្តសម្រាប់បង្កើននូវគំនិតផ្តួចផ្តើមរបស់ចិនសម្រាប់APEC ដែលយើងនឹងអាចមើលឃើញយ៉ាងជាក់ច្បាស់ចំនួន៤ចំណុចសំខាន់គឺ ទី១-ចិនបន្តសកម្មភាពជាក់ស្តែងលើការថែរក្សាសុខសន្តិភាពពិភពលោកតាមរយៈការដើរតួនាទីក្នុងនាមជាអន្តរការីសម្របសម្រួល និងដោះស្រាយតាមយន្តការការទូតតាមបែបផែនចិន ដូចលទ្ធផលនៃសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ជាសក្ខីភាពបញ្ជាក់ស្រាប់។ ទី២-ចិនបង្កើនស្មារតីផ្លូវសូត្រមិត្តភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដោយឈរយ៉ាងរឹងមាំក្នុងរង្វង់នៃពហុភាគីនិយមក្នុងការស្វះស្វែងរកផលប្រយោជន៍រួមស្របតាមសណ្ឋាប់ធ្នាប់សេដ្ឋកិច្ចសកលដូចមានរំលេចក្នុងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល។ ទី៣-ចិនបន្តរួមគ្នាជាមួយAPECដើម្បីកសាងវេទិកាAPECប្រកបដោយបរិយាបន្ន និងធានាថាភាពរីកចម្រើននៃបចេ្ចកវិទ្យាដែលបណ្តាប្រទេសAPECកំពុងសម្របខ្លួននឹងសេដ្ឋកិច្ចឌីជីថលនឹងបន្តសហការរួមគ្នាដើរស្របតាមទិសដៅដ៏ត្រឹមត្រូវនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច។ ទី៤-ចិនបន្តបន្ថែមល្បឿននៃការធ្វើទំនើបកម្មសង្គមតាមបែបផែនរបស់ខ្លួន ហើយដាក់ទិសដៅក្នុងការស្រូបទាញនិងផ្តល់ផលឱ្យបណ្តាសមាជិកAPECទៅវិញទៅមកតាមរយៈតួនាទីស្ថាបនារបស់ខ្លួនដោយឈរលើទម្រយ៉ាងរឹងមាំនៃ«កិច្ចកសាងសហគមន៍ដែលមានវាសនារួមគ្នា»។ ជាក់ស្តែង ដោយមានផលិតផលក្នុងស្រុកសរុប(GDP)របស់ខ្លួននៅឆ្នាំ២០២៥មានចំនួន៤៣,២០៤ពាន់ពាន់លានដុល្លារ ប្រទេសចិនបានជួយដល់កំណើនសេដ្ឋកិច្ចឆ្នាំ២០២៥របស់APEC ដែលត្រូវបានសេដ្ឋវិទូព្យាករណ៍ថានឹងមានកំណើន៣.១% ។
ដោយមិនបដិសេធពីតួនាទីប្រទេសណាមួយ ប្រទេសចិននឹងមិនងាករេក្នុងការសិក្សាពីគ្នាទៅវិញទៅមកហើយបើកទ្វា បើកបង្អួចអភិវឌ្ឍដើម្បីនាំយកខ្យល់វឌ្ឍនភាពពីប្រទេសចិនមកកាន់APECឲ្យក្លាយទៅជាវេទិការបបមួយសម្រាប់ជំរុញការធ្វើសមាហរណកម្ម វេទិកាគោលនយោបាយដោយផ្អែកលើការចែករំលែកបទពិសោធន៍ វេទិកាបើកចំហលើការប្រឆាំងនឹងគោលនយោបាយគាំពារពាណិជ្ជកម្ម និងជាវេទិកាអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ក៏ដូចជាវេទិកាសម្រាប់ការជំរុញការតភ្ជាប់នៃទំនាក់ទំនងគ្នានិងការផ្លាស់ប្តូរគ្នាផងដែរ។ កិច្ចសហប្រតិបត្តិការដ៏រឹងមាំនិងសកម្មជាងនេះរបស់APEC គឺច្បាស់ណាស់អាចធ្វើទៅបានតែជាមួយការគាំទ្រយ៉ាងមុតមាំពីការរួមកម្លាំងគ្នាដោយសមាជិករបស់ខ្លួនទាំងអស់នោះដែលមានប្រទេសចិនជាស្នូល ដើម្បីធានាថាសមាជិកទាំងអស់របស់APECមានសិទ្ធិទទួលបានឱកាសស្មើៗគ្នាសម្រាប់កំណើនប្រកបដោយចីរភាពដែលមានលក្ខណៈបរិយាបន្ន និងសុខុមាលភាពសេដ្ឋកិច្ចកាន់តែប្រសើរ។
ដោយមិនភ្លេចនូវគោលបំណងដើម APECដែលជាវេទិកាអន្តររដ្ឋាភិបាលសម្រាប់សេដ្ឋកិច្ចសមាជិកចំនួន២១នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលលើកកម្ពស់ពាណិជ្ជកម្មសេរីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក នោះប្រទេសចិននឹងជាជំហ ជាលំនឹងដល់APECដែលបានចាប់បដិសន្ធិតាំងពីឆ្នាំ១៩៨៩ ក្លាយជាប្លុកពហុភាគីកម្រិតខ្ពស់បំផុតមួយ និងវេទិកាដ៏មានឥទ្ធិពលជាសាកលយ៉ាងសំខាន់ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការពឹងពាក់គ្នាទៅវិញទៅមក។ ឆ្នាំ២០២៥នេះ ប្រទេសចិនដែលជាជើងឯកខាងដោះស្រាយបញ្ហាសកលបានបង្ហាញវត្តមានប្រកបដោយទំនុកចិត្តខ្ពស់ក្នុងការជួយស្រាយវិបត្តិរបស់ពិភពលោកដែលត្រូវបានអាមេរិកជាអ្នកផ្តើមចងចំណងតាមរយៈសង្គ្រាមពន្ធគយ។ ភាពជាជើងឯកនេះ ទើបវត្តមានរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ផ្តល់កម្តៅនៃភាពកក់ក្តៅ និងពន្លឺរស្មីដល់APEC ឆ្នាំ២០២៥ នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី៣១ ខែតុលា-១ ខែវិច្ឆិកា ហើយវត្តមាននេះបានក្លាយជាកត្តាលីករដល់ការអភិវឌ្ឍប្រកបដោយនវានុវត្តភាពនៃការតភ្ជាប់គ្នានៃកំណើននិងផលប្រយោជន៍ប្រកបដោយភាពជឿទុកចិត្តគ្នា មានបរិយាប័ន្ន មានកិច្ចសហប្រតិបត្តិការ និងមានវឌ្ឍភាពឈ្នះ-ឈ្នះ ដែលនឹងផ្តល់ផលទ្វេដងដល់ពិភពលោកទាំងមូល។
ជារួម ដោយឈរយ៉ាងរឹងមាំជាមួយសន្តិភាពនិងការអភិវឌ្ឍបើទោះបីជាពិភពលោកំពុងប្រឈមមុខនឹងដំណាក់កាលប្រែប្រួលលឿនរហ័សយ៉ាងណាក៏ដោយ ក៏ចិននឹងបន្តជាអ្នកចែករំលែកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់APECនិយាយដោយឡែក ដល់ពិភពលោកទាំងមូលនិយាយរួម។ ចិនដែលបានបន្ស៊ាំខ្លួនចូលទៅក្នុងសមាហរណកម្មរួមជាមួយនឹងសេដ្ឋកិច្ចសកលលោក បាននាំចិនឱ្យបន្តជំហានស្របតាមនិន្នាការប្រវត្តិសាស្រ្ត។ ក្នុងន័យនេះ ប្រទេសចិនដែលមានលោក Xi Jinping ជាប្រធានរដ្ឋហើយមានវត្តមានក្នុងវេទិកាAPEC ឆ្នាំ២០២៥ បាននាំបណ្តាសមាជិកទាំងអស់មានភាពក្លាហានក្នុងការជ្រមុជ និងហែលឆ្លងនៅក្នុងមហាសាគរដ៏ធំល្វឹងល្វើយនៃទីផ្សារពិភពលោកនេះ ដោយចាប់យកបាននូវឱកាសនៃទីផ្សារសកលលោក ដើម្បីឱ្យសមាជិកទាំងអស់រួមគ្នានៅក្នុងដំណើរការនេះក្លាយជាជម្រើសយុទ្ធសាស្ត្រដ៏ត្រឹមត្រូវសម្រាប់រួមគ្នាកសាងសុបិនរួម ហើយសមាជិកAPECសុទ្ធតែទទួលបាននូវខ្យល់កក់ក្តៅពីប្រទេសចិន បើទោះបីជាស្ថិតនៅក្នុងអាកាសធាតុដ៏ត្រជាក់នារដូវរងាក្នុងប្រទេសកូរ៉េខាងត្បូងនាវេទិកាប្រជុំAPECឆ្នាំ២០២៥យ៉ាងណាក៏ដោយ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន



 
                                         
                                 
                                