សមាគមអ្នកសារព័ត៌មានកម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការអភិវឌ្ឍព័ត៌មានក្នុងសតវត្សរ៍ឌីជីថល

ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតវៀតណាម បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរនៃវិស័យព័ត៌មាន និងការពង្រឹងសហប្រតិបត្តិការវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា វិស័យព័ត៌មាននៅកម្ពុជាកំពុងប្រឈមនឹងបញ្ហាផ្លាស់ប្តូរយ៉ាងលឿន ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិមិត្ត (AI) និងឥទ្ធិពលនៃអ្នកផលិតមាតិការព័ត៌មានតាមបណ្តាញសង្គម (Influencers)។ អ្នកសារព័ត៌មានអាជីព “ត្រូវការបណ្តុះបណ្តាលបន្ថែម ដើម្បីអាចប្រកួតប្រជែង និងរក្សាគុណភាពព័ត៌មានក្នុងស្ថានភាពហិរញ្ញវត្ថុដែលកាន់តែស្តួច”។

ដោយឡែក ក្នុងស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា–ថៃ លោក ពុយ គា បានបញ្ជាក់ថា “អ្នកសារព័ត៌មានកម្ពុជាបានប្រកាន់យកការផ្សាយព័ត៌មានដោយប្រយ័ត្នប្រយែង និងគោរពវិជ្ជាជីវៈដោយព្យាយាមមិនបំប៉ោងស្ថានភាពឲ្យកាន់តែតានតឹងឡើយ”។

ភាគីវៀតណាម លោក ង្វៀន ឌឹកឡឺយ អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតវៀតណាម ដែលដឹកនាំប្រតិភូចំនួនប្រាំរូប មកទស្សនកិច្ចកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ តុលា ឆ្នាំ២០២៥ បានទៅទស្សនាប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍ដទៃទៀតនៅក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំនៅភ្នំពេញរវាងក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតវៀតណាម ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ ស្តីពីការផ្សាយព័ត៌មានដោយសុចរិតភាព និងការបង្កើនភាពជាដៃគូសហការរវាងសារព័ត៌មានកម្ពុជា និងវៀតណាម៕

Written by 

Related posts

Leave a Comment