(ភ្នំពេញ) នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសមាគមមិត្តភាពកម្ពុជា-ចិន មានរៀបចំកម្មវិធីដឹងគុណដល់ក្រុមគ្រូពេទ្យចិនដែលបានវះកាត់និងព្យាបាលជូនដល់កុមារកម្ពុជាចំនួន១២៣រូបបានជាសះស្បើយពីជំងឺបេះដូងពីកំណើត ក្រោមអធិបតីភាពឯកឧត្តម ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជម្រាបថា ចាប់ពីខែមករា ឆ្នាំ២០១៨ ក្រោមកិច្ចសម្របសម្រួលរវាងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង អង្គការYUNDI និងក្រោមកិច្ចគាំទ្រពីសមាគមមិត្តភាពកម្ពុជា-ចិនរួមជាមួយអង្គពាក់ព័ន្ធនានា ក្រុមគ្រូពេទ្យកម្ពុជា-ចិនបានជួយកុមារកម្ពុជាចំនួន១២៣រូបជាសះស្បើយពីជំងឺបេះដូងពីកំណើតក្រោយទទួលបានការវះកាត់និងព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន ប្រទេសចិន។ លោកបណ្ឌិតក៏បានរំលេចពីអង្គពាក់ព័ន្ធនានា ជាពិសេសមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យព្រះកេតុមាលា និងអាជ្ញាធរមូលដ្ឋានដែលបានជួយសម្របសម្រួលលើបេសកកម្មនេះ។
ក្នុងនាមក្រុមគ្រូពេទ្យកម្ពុជា-ចិន លោកវេជ្ជបណ្ឌិត មិន ចាន់ពរ បានថ្លែងថា ក្រុមគ្រូពេទ្យកម្ពុជា-ចិនតែងបានចាត់ទុកកុមារកម្ពុជាប្រៀបដូចជាក្រុមគ្រួសាររបស់ខ្លួន ហើយការថែទាំនិងការព្យាបាលកុមារកម្ពុជាគឺជាកាតព្វកិច្ចស្នូលរបស់ខ្លួន ដើម្បីផ្តល់ឡើងវិញនូវសុខភាពល្អបរិបូរណ៍ និងក្តីសង្ឃឹមដល់កុមារកម្ពុជា។

តំណាងអាជ្ញាធរមូលដ្ឋាន និងអង្គពាក់ព័ន្ធនានា លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រីបានជម្រាបជូនអង្គពិធីថា ថ្ងៃនេះមានអត្ថន័យនិងគុណតម្លៃណាស់សម្រាប់កុមារ២រូបក្នុងចំណោយ១០រូបដែលរស់នៅក្នុងស្រុកបន្ទាយស្រីហើយដែលបានជាសះស្បើយក្រោយទទួលបានការវះកាត់និងព្យាបាលដោយឥតគិតថ្លៃ នឹងធ្វើដំណើរទៅមន្ទីរពេទ្យបេះដូងFuwaiជាលើកទី២ដើម្បីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យចិន ដែលមិនត្រឹមបង្ហាញពីការដឹងគុណប៉ុណ្ណោះទេ ថែមទាំងបានបានរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ថែមទៀតផង។
នៅលើផ្ទៃមុខពោរពេញដោយនូវស្នាមញញឹមនិងក្តីសប្បាយរីករាយ កុមារី វឿន កោច័ន្ទវិទី រស់នៅខេត្តកណ្តាល បានថ្លែងថា «តាងនាមឱ្យកុមារទាំង១២៣រូបដែលបានជាសះស្បើយ និងកុមារ២រូបត្រៀមទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFuwai ខ្ញុំសូមអរគុណក្រុមគ្រូពេទ្យចិនដែលបានជួយឲ្យបេះដូងរបស់ខ្ញុំបានដំណើរការល្អវិញ។ ខ្ញុំសន្យានឹងរៀនខិតខំ ដើម្បីធ្វើអ្វីល្អៗជួយមនុស្សដូចគ្រូពេទ្យ។»

ក្នុងនាមឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ឡាវ វ៉ាន់ បានថ្លែងថា ការជាសះស្បើយរបស់កុមារទាំង១២៣រូបពីជំងឹបេះដូងពីកំណើតនេះ គឺជាផលនៃមិត្តភាពជិតស្និទ្ធនៃទំនាក់ទំនងរវាងកម្ពុជានិងចិនដែលបាននិងកំពុងពង្រឹងនិងពង្រីកនាសម័យតេជោធិបតី។ ការរៀបចំពិធីនាថ្ងៃនេះគឺជាការរំលេចនូវវប្បធម៌ដឹងគុណដែលជនជាតិកម្ពុជាគ្រប់រូបតែងប្រកាន់យក ហើយកុមារទាំង៧រូបដែលនឹងទៅមន្ទីរពេទ្យបេះដូងFuwaiជាលើកទី២នេះជាសក្ខីភាពនៃការពន្លាតវប្បធម៌ដឹងគុណរបស់កម្ពុជាទៅដល់ប្រទេសចិន។ ឯកឧត្តមបានលើកទឹកចិត្តនិងផ្តល់ការគាំទ្រដល់កុមារទាំងអស់បង្កើនមនោសញ្ចេតនាដឹងគុណចំពោះក្រុមគ្រូពេទ្យចិនដែលបានជួយជីវិតនិងផ្តល់ក្តីសង្ឃឹមថ្មីដល់ខ្លួន។
គួរបញ្ជាក់ថា តំណាងឱ្យកុមារ១២៣រូបដែលបានជាសះស្បើយពីជំងឺបេះដូងពីកំណើតក្រោយបានទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន កុមារទាំង៨រូបនេះរួមជាមួយកញ្ចប់អំណោយដែលបានត្រៀម នឹងធ្វើដំណើរទៅមន្ទីរពេទ្យបេះដូងFuwaiជាលើកទី២ ដើម្បីចូលរួមក្នុងពិធីថ្លែងអំណរគុណដែលជាសញ្ញាណនៃការដឹងគុណ និងជាការចារឹកទុកនូវស្នាដៃមនុស្សធម៌របស់ក្រុមគ្រូពេទ្យចិន ព្រមទាំងកត់ត្រាបញ្ចូលនៅក្នុងទំព័រថ្មីនៃមិត្តភាពយ៉ាងជ្រាលជ្រៅជាទីបំផុតនៃការបន្តមរតកជាង២ពាន់ឆ្នាំនៃទំនាក់ទំនងរវាងប្រជាជនកម្ពុជានិងចិន៕



