ក្រសួងការបរទេសប៉ាគីស្ថាន បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងអ៊ីស្លាម៉ាបាដ និងកាប៊ុល ឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយស្តីពីបទឈប់បាញ់រយៈពេល ៤៨ ម៉ោង។

យោងតាមសេចក្តីថ្លែងការណ៍ដដែល បានបន្តថា បទឈប់បាញ់បណ្ដោះអាសន្ន ត្រូវបានប្រកាសរវាងរដ្ឋាភិបាលប៉ាគីស្ថាន និងរបបតាលីបង់អាហ្វហ្កានីស្ថាន ដោយមានការយល់ព្រមពីភាគីទាំងពីរ។
បទឈប់បាញ់ បានចូលជាធរមាន។ សេចក្តីថ្លែងការណ៍ បានបន្ថែមថា ក្នុងរយៈពេល ២ ថ្ងៃបន្ទាប់ពីបទឈប់បាញ់ ភាគីទាំង ២ នឹងខិតខំប្រឹងប្រែងដោយស្មោះ ដើម្បីស្វែងរកដំណោះស្រាយជាវិជ្ជមានចំពោះបញ្ហាស្មុគស្មាញ ប៉ុន្តែអាចដោះស្រាយបានតាមរយៈការសន្ទនាក្នុងន័យស្ថាបនា។
ការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បន្តផ្ទុះឡើងវិញ នៅព្រឹកថ្ងៃពុធ។ យោងតាម PTV កងទ័ពប៉ាគីស្ថាន បានធ្វើការវាយប្រហារលើទីតាំងភេរវករនៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាការឆ្លើយតបទៅនឹងការវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យនៅក្នុងស្រុក Kurram នៃខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យរបស់ប្រទេស។
អ្នកនាំពាក្យរងក្រុមតាលីបង់ លោក Hamdullah Fitrat បាននិយាយថា មនុស្ស ១២នាក់ស្លាប់ និងជាង ១០០នាក់ រងរបួស ដោយបន្ថែមថា ទាហានប៉ាគីស្ថាន បន្តវាយប្រហារលើអាហ្វហ្គានីស្ថាន៕

ដោយ៖ ពេជ្រ