ចិន ឱ្យអាមេរិក កុំលូកដៃរឿងនាវាខ្លួនប៉ះទង្គិចជាមួយនាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង

សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានប្រកាសពីជំហររបស់ខ្លួនក្នុងនាមជាសម្ព័ន្ធមិត្តជាមួយហ្វីលីពីន និងបានសង្កត់ធ្ងន់លើសន្ធិសញ្ញាការពារទៅវិញទៅមក បន្ទាប់ពីនាវាក្រុងប៉េកាំង និងក្រុងម៉ានីល ប៉ះទង្គិចគ្នាចំពេលមានភាពតានតឹងកើនឡើងនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

ក្រសួងការបរទេសចិន បានជំរុញទីក្រុងម៉ានីល កុំឱ្យប្រឈមមុខនឹងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការការពារអធិបតេយ្យភាពដែនដី សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ។ បន្ទាប់ពីឧប្បត្តិហេតុ កាលពីថ្ងៃអាទិត្យ នៅប្រជុំកោះស្ព្រាតលី ដែលហ្វីលីពីន អះអាងថា ចិន ប្រើកាណុងបាញ់ទឹកវាយប្រហារលើនាវាខ្លួន។

ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Pigott បានថ្កោលទោសចិន ពាក់ព័ន្ធនឹងការបាញ់មីស៊ីល និងបាញ់ទឹកលើនាវាហ្វីលីពីន ហើយថា ទីក្រុងវ៉ាស៊ីនតោន ឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន នៅពេលប្រឈមមុខនឹងសកម្មភាពដ៏គ្រោះថ្នាក់ពីចិន ដែលបំផ្លាញស្ថិរភាពក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Pigott បានបញ្ជាក់ជាថ្មីថា មាត្រាទី ៤ នៃសន្ធិសញ្ញាការពារទៅវិញទៅមករបស់អាមេរិកហ្វីលីពីនឆ្នាំ១៩៥១ មានវិសាលភាពដល់ការវាយប្រហារដោយប្រដាប់អាវុធលើកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នាវាសាធារណៈ ឬយន្តហោះ រួមទាំងឆ្មាំឆ្នេរសមុទ្ររបស់ខ្លួន និងគ្រប់ទីកន្លែងនៅក្នុងសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា ប្រទេស​ចិន និង​ហ្វីលីពីន​ តែងតែមានភាពតានតឹង ​ជុំវិញ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ជិតតំបន់ Sandy Cay នៅ​ប្រជុំ​កោះ Spratly ដែលចាប់ទុកថាជាដែនទឹកមានជម្លោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment