នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានទទួលជួបសម្ដែងការគួរសម ជាមួយលោក ចច ម៉ុនតានី ប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំភូមិភាគ (បាងកក) នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងបានរៀបរាប់ពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ក្នុងការបំពេញបេសកកម្មការងារមនុស្សធម៌ ជាពិសេសលើការបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានកើតមានឡើងក្នុងរយៈពេលកន្លងមកនេះ រួមទាំងការងារឆ្លើយតបយ៉ាងស្រសាក់ស្រស្រាំលើបញ្ហាទឹកជំនន់តាមដងទន្លេមេគង្គ រួមទាំងការងារមនុស្សធម៌ផ្សេងៗទៀត។
ពាក់ព័ន្ធការងារខាងលើនេះ សម្ដចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានសម្រេចទម្លាក់ថវិកា និងសម្ភារៈរួចរាល់ផងដែរ ទៅតាមសាខាកាកបាទក្រហមកម្ពុជា នៅតាមបណ្ដោយព្រំដែន និងតំបន់ជួបបញ្ហានានារួមទាំងគ្រោះមហន្ដរាយធម្មជាតិដោយទឹកជំនន់ ដើម្បីត្រៀមខ្លួនជាស្រេចនៅក្នុងការឆ្លើយតបយ៉ាងទាន់ពេលវេលា។
ជំនួសមុខឱ្យកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អាយ.ស៊ី.អរ.ស៊ី ដែលបានអញ្ជើញចុះសួរសុខទុក្ខជាលើកទី២ ជាមួយយុទ្ធជនកម្ពុជាចំនួន ១៨រូប ដែលត្រូវបានថៃចាប់យកទៅ ជាពិសេសចំពោះការនាំយកសារលិខិតរបស់គ្រួសារយុទ្ធជនតាមរយៈកាកបាទក្រហមកម្ពុជា យកទៅជូនដល់ដៃយុទ្ធជនយើងទាំង១៨នាក់ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ហើយបានយកត្រលប់មកវិញជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីយកជូនដល់គ្រួសារយុទ្ធជនវិញ ដែលនេះជាដំណឹងដ៏មានតម្លៃមហាសាលសម្រាប់ក្រុមគ្រួសារក៏ដូចជារាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ដែលតែងតែទន្ទឹមរង់ចាំដំណឹងពិតប្រាកដរបស់យុទ្ធជនយើង។ គិតត្រឹមថ្ងៃនេះជា ថ្ងៃទី៧៦ហើយ ដែលយុទ្ធជនកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
លោក ចច ម៉ុនតានី ប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំភូមិភាគ ក៏បានថ្លែងអំណរគុណដូចគ្នាដល់កាកបាទក្រហមកម្ពុជា ដែលតែងតែបំពេញបេសកកម្មមនុស្សធម៌បានយ៉ាងល្អ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនងាយរងគ្រោះគ្រប់ប្រភេទ។

លោកក៏បានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងលើការងារយុទ្ធជនដែលកំពុងស្ថិតនៅក្នុងការឃុំគ្រងរបស់យោធាថៃ ឱ្យមានការដោះលែងមកកម្ពុជាវិញ តាមរយៈការលើកយកនូវអនុសញ្ញាទីក្រុងហ្សឺណែវ ។លើសពីនោះលោកបានបញ្ជាក់ថា តាមការចុះទៅសួរសុខទុក្ខ និងប្រគល់សំបុត្ររបស់គ្រួសារយុទ្ធជន ជូនដល់យុទ្ធជនទាំង១៨នាក់ ទាំង២លើកមកនេះ គឺសម្គាល់ឃើញថាស្ថានភាពសុខភាពរបស់គាត់ទាំងអស់គ្នា គឺមានសុខភាពល្អ ពិសាបានធម្មតាផងដែរ។
ប្រធាន អាយ.ស៊ី.អរ.ស៊ី ក៏បានសំណូមពរចំនួន ៣ចំណុចធំៗជម្រាបជូនដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖
ទី១៖ ដើម្បីបន្ដបេសកកម្មធម៌របស់កាកបាទក្រហមកម្ពុជា ដែលជាសមាជិកទី៨៥ របស់ចលនាអន្ដរជាតិរបស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាសមាជិកហត្ថលេខៃអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ អាយ.ស៊ី.អរ.ស៊ី សំណូមពរឱ្យកាកបាទក្រហមកម្ពុជា នៅក្នុងឆ្នាំបន្ដបន្ទាប់ៗសូមបន្ដសកម្មភាពស្ដារទំនាក់ទំនងគ្រួសារ ដែលជាសកម្មភាពមួយដែល អាយ.ស៊ី.អរ.ស៊ី បានធ្វើការជួយឧបត្ថម្ភគាំទ្រអស់រយៈពេលជាង ២០ឆ្នាំមកហើយ ។លោកបន្ដថា ដោយសារបច្ចុប្បន្ននេះ អាយ.ស៊ី.អរ.ស៊ី កំពុងមានបញ្ហាប្រឈមទៅនឹងធនធានថវិកាដោយសារជម្លោះនៅលើសកលលោកជាច្រើន ចឹងបញ្ហាដែល អាយ.ស៊ី.អរ.ស៊ី ត្រូវឆ្លើយតប ក៏មានច្រើន ដូច្នេះហើយសូមឱ្យកាកបាទក្រហមកម្ពុជា បន្ដការងារនេះទៅមុខឱ្យបានល្អទៅមុខបន្ថែមទៀត ព្រោះជាបទពិសោធន៍ការងារស្ដារទំនាក់ទំនងគ្រួសារ ឬការផ្ដល់ដំណឹងគ្រួសារទៅវិញទៅមករបស់ប្រជាពលរដ្ឋ និងរវាងអ្នកជាប់ពន្ធធនាគារ ឬអ្នកធ្វើចំណាកស្រុកទៅក្រៅប្រទេស ជាពិសេសនៅក្នុងពេលនេះគឺកំពុងជួបបញ្ហាព្រំដែន ដែលត្រូវការឱ្យយើងធ្វើការផ្ដល់ដំណឹងគ្នាទៅវិញទៅមកតាមរយៈការងារមនុស្សធម៌
ទី២៖ ការប្រើប្រាស់ និងការគោរពបដិរូប ប្រធាន អាយ.ស៊ី.អរ.ស៊ីរូបនេះ បានកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដែលខិតខំប្រឹងប្រែងក្នុងការពង្រឹងក្នុងការប្រើប្រាស់បដិរូបនេះ ហើយក៏បានស្នើឱ្យកាកបាទក្រហមកម្ពុជា បន្ដធ្វើលើការងារនេះបន្ថែមទៀត ដើម្បីកុំឱ្យអង្គភាពឯកជនមួយចំនួន ដែលនៅប្រើប្រាស់បដិរូបកាកបាទក្រហមមិនទាន់បានត្រឹមត្រូវ ធ្វើឱ្យមានការភាំច្រឡំ
ទី៣៖ បន្ដកិច្ចការងារទាក់ទងទៅនឹងមជ្ឈមណ្ឌលស្ដារនិតីសម្បទា ដែល អាយ.ស៊ី.អរ.ស៊ី កំពុងធ្វើការគាំទ្រ នៅក្នុងខេត្ដបាត់ដំបង និងកំពង់ស្ពឺ ហើយ អាយ.ស៊ី.អរ.ស៊ី នឹងព្យាបាលស្វែងរកដៃគូ ដើម្បីជួយដល់កាកបាទក្រហមកម្ពុជា បន្ដការងារនេះឱ្យមានភាពរលូន។
ជាចុងក្រោយ អាយ.ស៊ី.អរ.ស៊ី ក៏បានសំណូមពរដល់កាកបាទក្រហមកម្ពុជា មេត្ដាជួយគាំទ្រទៅនឹងចំណុចផ្ដួចផ្ដើមនៃការគាំទ្រការគោរពទៅលើច្បាប់មនុស្សធម៌អន្ដរជាតិផងដែរ។
ជាការឆ្លើយតប លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងនាំយកនូវកិច្ចជំនួបពិភាក្សាដ៏សំខាន់នេះ គោរពជម្រាបជូនសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕
