​លោកបណ្ឌិត ជា មុនីឫទ្ធិ៖ វេទិកាលើកទី១០នៃក្រុមបញ្ញាញាណជាន់ខ្ពស់ពីអាស៊ីខាងត្បូង និងអាស៊ីអគ្នេយ៍ បង្កើនការផ្សព្វផ្សាយកាន់តែទូលំទូលាយពីគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល

(គុនមីង)៖ រយៈពេល៣ថ្ងៃនៃជំនួបរវាងក្រុមបញ្ញាញាណជាន់ខ្ពស់ពីអាស៊ីខាងត្បូង និងអាស៊ីអគ្នេយ៍ សរុបចំនួន១៧ប្រទេស បានមកចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក នៅក្នុងវេទិកាលើកទី១០នៃក្រុមបញ្ញាញាណជាន់ខ្ពស់ពីអាស៊ីខាងត្បូង និងអាស៊ីអគ្នេយ៍ ដែលបានរៀបចំឡើងដោយបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមខេត្តយូណាន ប្រទេសចិន​ ពីថ្ងៃ​ទី១០​ ដល់ថ្ងៃទី​១២​ ខែតុលា​ ឆ្នាំ​២០២៥។

ថ្លែងទៅកាន់អង្គវេទិកាដែលមានអ្នកចូលរួមសរុបចំនួន២០០នាក់ ដោយអញ្ជើញមកពីបណ្ឌិតសភាវិទ្យាសាស្រ្តសង្គម ក្រុមអ្នកសារព័ត៌មាន ក្រុមអ្នកនិពន្ធ ក្រុមសង្គមស៊ីវិល ក្រុមបញ្ញវន្ត ក្រុមនិស្សិត និងក្រុមអ្នកវិភាគព្រឹត្តិការណ៍សង្គម លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចពីទំនាក់ទំនងកម្ពុជា-ចិន ក្នុងបរិបទនៃកិច្ចកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ហើយលោកបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមបញ្ញាញាណជាន់ខ្ពស់នៃប្រទេសយើងទាំងពីរក្នុងការអនុវត្តគម្រោងសិក្សាស្រាវជ្រាវជាច្រើនបម្រើដល់ផលប្រយោជន៍ប្រជាជននៃប្រទេសយើងទាំងពីរ។ ជាមួយស្ថាប័នស្រាវជ្រាវជាច្រើនរបស់ប្រទេសចិន លោកបណ្ឌិតក៏បានរំលេចពីការអនុវត្តគម្រោងស្រាវជ្រាវ គម្រោងបកប្រែ និងគម្រោងវេទិកាវិទ្យាសាស្រ្តចំហជាង៣០០លើករបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនជូនដល់អង្គវេទិកានេះផងដែរ។

លោកបណ្ឌិតក៏បានបង្ហាញនូវចំណាប់អារម្មណ៍ពីការសិក្សាស្រាវជ្រាវ ការបោះពុម្ពផ្សាយ និងការរៀបចំនូវបទបាឋកថាកន្លងមករបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពស្តីពីការយល់ដឹងកាន់តែទូលំទូលាយពីគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដោយលោកបណ្ឌិតបានពន្យល់ថា «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» បានបង្ហាញពីវឌ្ឍនភាពនៃការរីកចម្រើនរបស់ប្រទេសនានាតាមមាគ៌ាអភិវឌ្ឍរៀងៗខ្លួនដោយទទួលបានកាលានុវត្តភាពពីប្រទេសចិនក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក។ ប្រាជ្ញាចិននេះបានផ្តួចផ្តើមឱ្យសម្រេចបាននូវការបង្កើនសម្លេងពហុប៉ូលភាវូបនីយកម្មប្រកបដោយសមភាព និង ពោរពេញដោយរបៀបរៀបរយក្នុងចរន្តនៃសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន។

គួរបញ្ជាក់ផងដែរថា បន្ថែមពីលើបទបង្ហាញនៅក្នុងវេទិកាក្រុងគុនមីង លោកបណ្ឌិត ជា មុនីឫទ្ធិ បានរៀបចំបាឋកថាចំនួន២លើកនៅកម្ពុជាស្តីពី«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ហើយបណ្តាញសារព័ត៌មានជាច្រើនបានចែករំលែកនិងផ្សាយអត្ថបទជាច្រើនរបស់លោកបណ្ឌិតស្តីពី«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល»ផងដែរ៕

Written by 

Related posts

Leave a Comment