ចៅប្រុសបង្កើតដែលវាយប្លន់សម្លាប់ជីដូនខ្លួនឯងនៅខេត្តព្រះសីហនុ ជាប់អន្ទាក់សមត្ថកិច្ចនៅខេត្តរតនគិរី

ខេត្តរតនគីរី÷ កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពកំហែងយកប្លន់សម្លាប់ ដោយមានស្ថានទម្ងន់ទោស សម្លាប់យាយរបស់ខ្លួនឯង ដើម្បីយកទ្រព្យសម្បត្តិជាច្រើន ហើយរត់មកសម្ងំលាក់ខ្លួននៅក្នុងទឹកដីខេត្តរតនគីរី។

ក្នុងប្រតិបត្តិការតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ ក្នុងនោះដោយមានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយនិងកម្លាំងនគរបាលខេត្តរតនគិរី ចុះស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្ទះលក់ស៊ុប ឈ្មោះ ស៊ីង ស៊ីណុច ស្ថិតក្នុងភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក ឡេង លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគីរី។

លោកឧត្តមសេនីយ៍ត្រី ចៅ នាង ស្នងការរង ជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានឲ្យដឹងថ្ងៃទី១២តុលា ថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅចន្លោះវេលាម៉ោង២០ ដល់ម៉ោង៦ព្រឹក ចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចក្រុម១០ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពរួច ហើយរត់គេចខ្លួនមានឈ្មោះ ភុំ វាសនា(ហៅស្នា)ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(ត្រូវជាចៅ)។

លោកឧត្តមសេនីយ៍ត្រី ចៅ នាងបានបញ្ជាក់ទៀតថា ជនសង្ស័យបានធ្វើសកម្មភាពកំហែងយកប្លន់សម្លាប់យាយទួតខ្លួនឯង ដោយប្រើដៃចាប់ច្របាច់ក និងវាយចំត្រជៀកទាំងសងខាង បណ្តាយឲ្យហូរឈាមជនរងគ្រោះឈ្មោះ អៀន ម៉ន អាយុ៨៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅចំណុចកើតហេតុខាងលើ បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនិងកន្លែងកើតហេតុ។
   ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចមកសម្ងំលាក់ខ្លួននៅខេត្តរតនគិរី ដេកក្នុងផ្ទះសំណាក់បានមួយយប់ លុះព្រឹកឡើងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ជនសង្ស័យក៏បានណាត់ជួបនិងសង្សារតាមទូរស័ព្ទឲ្យមកជួបខ្លួននៅហាងលក់ស៊ុប ក្នុងភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនបានភ្លាមៗ។

សមត្ថកិច្ចជំនាញបានឆែកឆេរលើខ្លួនជនរងគ្រោះបាត់បង់ទ្រព្យសម្បត្តិរួមមាន÷ -ខ្សែកប្លាទីន ១ខ្សែ។
-ខ្សែកមាស ១ខ្សែ មានទម្ងន់ ៣ជី។
-ចិញ្ចៀនមាស ១វង់។
-និងលុយខ្មែរចំនួន ៧០ម៉ឺនរៀល។
ក្រោយពីធ្វើសកម្មភាពរួចហើយជនសង្ស័យបានទៅយកមេសោរមកចាក់ទ្វារផ្ទះជនរងគ្រោះពីខាងក្រៅ ដោយធ្វើមិនឲ្យគេដឹងឬសង្ស័យនោះ។

បើតាមការបំភ្លឺពីឈ្មោះ ម៉ាន រ៉ា ត្រូវជាកូនស្រីបង្កើតរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចនៅខេត្តព្រះសីហនុថា នៅយប់កើតហេតុជនរងគ្រោះបានដេកនៅក្នុងផ្ទះខ្ទមជាមួយនិងចៅទួតឈ្មោះ ភុំ វាសនា លុះដល់ព្រឹកឡើងខ្លួនបានទៅឃើញទ្វារផ្ទះចាក់សោរពីខាងក្រៅ ហើយខ្លួនក៏មានការសង្ស័យ ក៏វាយទម្លុះសោរចូលទៅមើលក៏បានប្រទះឃើញជនរងគ្រោះ(ម្តាយ)ដេកស្លាប់នៅលើគ្រែម្នាក់ឯង។
រីឯចៅប្រុសជាជនសង្ស័យនោះដែលបានដេកស្នាក់នៅជាមួយជនរងគ្រោះ ពុំបានឃើញនៅក្នុងផ្ទះកន្លែងកើតហេតុនោះឡើយ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យនៅខេត្តរតនគិរី ដកហូតវត្ថុតាងរួមមាន÷
១-ទូរស័ព្ទដៃម៉ាកអាយហ្វូន ១២ ពណ៌ខ្មៅ ចំនួន ១គ្រឿង។
២-ទូរស័ព្ទដៃម៉ាកអាយហ្វូន ១១ ពណ៌ស្វាយចំនួន ១គ្រឿង។
៣-កាបូបលុយចំនួន១និងមានលុយខ្មែរចំនួន១,២០០ ០០០រៀល (មួយលានម្ភៃម៉ឺនរៀលគត់)។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កម្លាំងនគរបាលខេត្តរតនគិរីបានប្រគល់ជនសង្ស័យទៅឲ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរខេត្តព្រះសីហនុ និង កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ជាម្ចាស់ដើមបណ្តឹងករណីនេះ ដើម្បីបញ្ជូនជនសង្ស័យរូបនេះទៅផ្ដន្ទាទោសនៅខេត្តព្រះសីហនុ ចាត់ការទៅតាមនីតិវិធីច្បាប់៕

Written by 

Related posts

Leave a Comment