ប្រមុខរដ្ឋបាលអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងតេអេរ៉ង់ នឹងផលិតអាវុធនុយក្លេអ៊ែរ ប្រសិនបើសហរដ្ឋអាមេរិក មិនវាយប្រហារទីតាំងរបស់ពួកគេនោះទេ។

លោក បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រធានាធិបតីនៅសេតវិមានថា ខ្ញុំគិតថាផែនការវាយប្រហារលើអ៊ីរ៉ង់ មានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះបើវាមិនកើតឡើងទេនោះ ប្រហែលជាឥឡូវនេះពួកគេអាចមានអាវុធនុយក្លេអ៊ែរជាច្រើនគ្រាប់ទុកវាយប្រហារអាមេរិក។
បើតាមមេដឹកនាំអាមេរិក អះអាងថា ការវាយប្រហារនេះជាការគ្របដណ្ដប់លើការសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយមួយនៅមជ្ឈិមបូព៌ា។ អ៊ីរ៉ង់ត្រូវតែធ្វើការដើម្បីសន្តិភាព។ ពួកគេបានជូនដំណឹងដោយពួកគេពេញចិត្តទាំងស្រុងចំពោះកិច្ចព្រមព្រៀងនេះ។

រដ្ឋបាលដដែល បានបន្ថែមថា យើងមានទណ្ឌកម្មធំៗលើអ៊ីរ៉ង់ និងរឿងជាច្រើនទៀត។ យើងចង់ឃើញពួកគេក៏អាចកសាងប្រទេសរបស់ពួកគេឡើងវិញ ដោយមិនមានអាវុធនុយក្លេអ៊ែរ។
កាលពីយប់ថ្ងៃទី១៣ មិថុនា អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ហើយក៏មានការសងសឹកវិញផងដែរ។ សហរដ្ឋអាមេរិក បានចូលរួមជម្លោះ កាលពីថ្ងៃទី ២២ ខែមិថុនា ដោយវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នៅ Isfahan, Natanz និង Fordow ។ នៅថ្ងៃបន្ទាប់ អ៊ីរ៉ង់ បានវាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិក Al-Udeid ក្នុងប្រទេសកាតា ដែលជាទីតាំងដ៏ធំបំផុតនៅមជ្ឈិមបូព៌ា។ បន្ទាប់មក លោក ត្រាំ បាននិយាយថា អ៊ីស្រាអែល និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាលើបទឈប់បាញ់ ដែលចូលជាធរមាននៅថ្ងៃទី ២៤ ខែមិថុនា៕

ដោយ៖ ពេជ្រ