ខ្សែប្រយុទ្ធ Memphis Depay នឹងអវត្តមានពីក្រុមជម្រើសជាតិទឹកក្រូចហូឡង់លេងជម្រុះ World Cup 2026 បន្ទាប់ពីត្រូវបានរាយការណ៍ថា លិខិតឆ្លងដែនរបស់លោកត្រូវបានចោរលួចក្នុងប្រទេសប្រេស៊ីល ជាទីដែលលោកប្រកបអាជីពបាល់ទាត់ក្នុងក្លឹប Corinthians។
តាមគម្រោងខ្សែប្រយុទ្ធហូឡង់រូបនេះ នឹងធ្វើដំណើរមករួមក្រុមនារសៀលថ្ងៃអាទិត្យសប្តាហ៍មុន ក៏ប៉ុន្តែត្រូវបានអាក់ខានវិញ ដោយសារបាត់លិខិតឆ្លងដែន។ ក្រុមរបស់លោក Ronald Koeman នឹងត្រូវប្រឈមមុខទល់នឹងម្ចាស់ផ្ទះម៉ាល់តា ជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបនារាត្រីថ្ងៃព្រហស្បតិ៍ និងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមជម្រើសជាតិហ្វាំងឡង់នារាត្រីថ្ងៃអាទិត្យ។
ទន្ទឹមគ្នានោះដែរ សហព័ន្ធបាល់ទាត់ហូឡង់ KNVB ក៏បានឱ្យដឹងដែរថា «Depay បានកំពុងធ្វើគ្រប់យ៉ាង ដើម្បីមករួមក្រុមទាន់ពេល ប្រសិនបើអាចធ្វើទៅបាន»។
គួរបញ្ជាក់ផងថា Depay ត្រូវបានកោះហៅចូលលេងជម្រើសជាតិហូឡង់ដំបូងកាលឆ្នាំ២០១៣ នៃវគ្គជម្រុះ World Cup ផងដែរទល់នឹងតួកគី ស្របពេលបច្ចុប្បន្ន អតីតក្រុមរងជើងឯក World Cup 2010 មួយនេះបានកំពុងឈរទីកំពូលតារាងប្រចាំពូល G បណ្តោះអាសន្ននៅពីលើប៉ូឡូញ ដោយសារគ្រាប់បាល់ចំណេញ និងនៅសល់ ១ប្រកួតក្នុងដៃទៀតផង៕
