ប្រធានាធិបតីលោក Nicolas Maduro បាននិយាយ កាលពីថ្ងៃចន្ទថា ប្រទេសវេណេហ្ស៊ុយអេឡា បានរារាំងប្រតិបត្តិការទង់ជាតិក្លែងក្លាយ ដែលលោក ពណ៌នាថាជាផែនការរបស់ភេរវករក្នុងស្រុក ដែលចង់បំផ្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិកប្រចាំក្រុងការ៉ាកាស និងធ្វើឱ្យភាពតានតឹងរវាងប្រទេសទាំង ២ កាន់តែធ្ងន់ធ្ងរ។

ថ្លែងក្នុងកម្មវិធីទូរទស្សន៍ លោក Maduro បាននិយាយថា ប្រភពពីរដែលលោកមិនបញ្ចេញឈ្មោះ បានចូលដៃជាមួយក្រុមភេរវករក្នុងស្រុក ជុំវិញផែនការបង្កប់គ្រឿងផ្ទុះនៅស្ថានទូតអាមេរិកនៅទីក្រុងការ៉ាកាស ដើម្បីអាចធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរជាមួយទីក្រុងវ៉ាស៊ីនតោន។
ទន្ទឹមនោះ លោក Jorge Rodriguez ប្រធានគណៈប្រតិភូវេណេស៊ុយអេឡា បានលើកឡើងថា ក្រុងការ៉ាកាស ក៏បានព្រមានក្រុងវ៉ាស៊ីនតោនអំពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីក្រុមជ្រុលនិយមដែលត្រូវបានចោទប្រកាន់ថាព្យាយាមបង្កប់គ្រឿងផ្ទុះដ៏សាហាវនៅស្ថានទូតអាមេរិក។ លោក Rodriguez បានបន្ថែមថា យើងបានពង្រឹងវិធានការសន្តិសុខ សម្រាប់បេសកកម្មការទូតនេះ។
គួរបញ្ជាក់ថា ទីក្រុងការ៉ាកាស និងក្រុងវ៉ាស៊ីនតោន បានផ្តាច់ទំនាក់ទំនងការទូតនៅឆ្នាំ ២០១៩ ពាក់ព័ន្ធនឹងលំហូរនៃជនអន្តោរប្រវេសន៍ និងគ្រឿងញៀនខុសច្បាប់ដែលជាបញ្ហាចម្បង៕

ដោយ៖ ពេជ្រ