ខេត្តកំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមមាន់យកពងរបស់ប្រជាកសិករនៅភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានចំនួនមាន់រហូតដល់រាប់ម៉ឺនក្បាល ដើម្បីបំពេញតម្រូវការទីផ្សារពងមាន់នាពេលបច្ចុប្បន្ននេះ។

នាឱកាសនោះម្ចាស់កសិដ្ឋានចឹញ្ចឹមមាន់យកពង លោក ឡុង ពិសិដ្ឋ បានបញ្ជាក់ប្រាប់លោកអភិបាលស្រុកតាំងគោក ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារ ដែលអាចជួយទ្រទ្រង់ដល់ជីវភាពរបស់គាត់បានមួយកម្រិតទៀត។
លោក ឡុង ពិសិដ្ឋ ប្រជាកសិករនៅភូមិតាំងគោក ក៏បានរៀបរាប់ទាំងទឹកមុខរីករាយថា ការចិញ្ចឹមមាន់យកពងនេះ មិនមានភាពលំបាកនោះទេ ឱ្យតែយើងដឹងពីបច្ចេកទេសថែទាំ ផ្តល់ចំណីឱ្យវាបានគ្រប់គ្រាន់ នោះវានឹងធំធាត់លឿន ហើយក៏ឆាប់បានទទួលផលផលដែរ។ ការចឹញ្ចឹមមាន់យកពងនេះ អាចលក់ឱ្យឈ្មួញបានក្នុងតម្លៃ ៣៤០រៀល ក្នុង ១គ្រាប់ ហើយជាមធ្យមក្នុងមួយថ្ងៃលោកអាចរកចំណូលជាមធ្យម ៤លានរៀល ទៅជាង ៥លានរៀលផងដែរ។

លើកឡើងនាឱកាសនោះដែរ លោក ហាក់ ម៉ុងហួត ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងពង្រីកការចិញ្ចឹម បន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។
បន្ថែមពីនេះលោក ហាក់ ម៉ុងហួត ក៏បានណែនាំដល់អាជ្ញាធរឃុំ ចុះសួរសុខទុក្ខ និងតាមដានការចឹញ្ចឹមមាន់ របស់ប្រជាកសិករដើម្បីបានដំណើរការទៅដោយរលូន ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ត្រូវផ្ដល់នូវដំណោះស្រាយ ជូនដល់ពួកគាត់ឱ្យទាន់ពេលវេលាផងដែរ៕






