ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយថា លោក ត្រៀមខ្លួនរួចជាស្រេចដើម្បីចុះចេញពីតំណែង នៅពេលដែលអរិភាពជាមួយរុស្ស៊ីបញ្ចប់។

លោក ហ្សេលេនស្គី បានលើកឡើងបែបនេះ នៅពេលសួរជុំវិញភាពមិនស្របច្បាប់របស់លោក ក្នុងការដឹកនាំអ៊ុយក្រែន។
អាណត្តិប្រធានាធិបតីរបស់លោក ហ្សេលេនស្គី បានផុតកំណត់ជាផ្លូវការ តាំងពីខែឧសភា ឆ្នាំ ២០២៤ ប៉ុន្តែលោក បដិសេធមិនលាលែងពីតំណែង និងរៀបចំការបោះឆ្នោតថ្មីក្រោមច្បាប់អាជ្ញាសឹកនោះទេ។
រុស្ស៊ី តែងតែទទូចថា មេដឹកនាំអ៊ុយក្រែន បច្ចុប្បន្នកំពុងកាន់តំណែងដោយខុសច្បាប់ ជំរុញឱ្យចាត់វិធានការផ្លូវច្បាប់។
ទោះជាយ៉ាងណា លោក ហ្សេលេនស្គី បានបញ្ជាក់ថា គោលបំណងដែលលោក កាន់តំណែងបច្ចុប្បន្ននេះ គឺគោលដៅទី១ រៀបចំការបោះឆ្នោត ខណៈគោលដៅមួយទៀតគឺបញ្ចប់សង្រ្គាម។
គួរបញ្ជាក់ថា មានការរិះគន់លោក ហ្សេលេនស្គី ថាបង្រួបបង្រួមអំណាច ធ្វើឱ្យការត្រួតពិនិត្យសភាចុះខ្សោយ និងបិទសំឡេងឯករាជ្យ រួមជាមួយអតីតមេបញ្ជាការយោធាកំពូលលោក Valery Zaluzhny ផងដែរ៕

ដោយ៖ ពេជ្រ