ខេត្តរតនគិរី÷ លោក គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភានិងជាតំណាងរាស្ត្រមណ្ឌលរតនគិរី បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរីនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះលោក គិត ទ្រី ក្នុងនាម តំណាងរាស្រ្តមណ្ឌលរតនគិរី ស្នើដល់អាជ្ញាធរស្រុកលំផាត់ ត្រូវត្រៀមឲ្យបានរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរប៉ះពាល់ដល់ជីវភាពរស់នៅនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទឹកជំនន់ លោកតំណាងរាស្រ្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់ឡើងខ្លាំង និងសូមស្វែងរកទីទួលមានសុវត្ថិភាព ជាពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឲ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់នោះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ទឹកទន្លេស្រែពកហក់ឡើងដល់១២.៦០ លើសកម្រិតប្រកាសអាសន្ន មានការលិចលង់ផ្ទះសម្បែង ស្រែ ចម្ការ ប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែមិនទាន់រងការខូចខាត គួរឲ្យគត់សម្គាល់នោះឡើយ៕


