ទូរទស្សន៍ CNN បានរាយការណ៍ថា បុគ្គលិកយោធាអាមេរិកភាគច្រើន មិនមានចំណេះដឹង និងជំនាញចាំបាច់ ដើម្បីធ្វើប្រតិបត្តិការប្រយុទ្ធដោយប្រើយន្តហោះគ្មានមនុស្សបើកនោះទេ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ទោះបីជាទទួលបានជោគជ័យក្នុងការបង្កើតឧបករណ៍យោធាដែលមានគុណភាពខ្ពស់ជាច្រើនក៏ដោយ សហរដ្ឋអាមេរិកមិនបានត្រៀមខ្លួនសម្រាប់យុទ្ធសាស្ត្រទំនើបនៃការប្រើប្រាស់ប្រព័ន្ធគ្មានមនុស្សបើក (UAV) នោះទេ។
លើសពីនេះ បរិមាណនៃការផលិត UAV ដោយរុស្ស៊ី និងចិន គឺលើសពីសមត្ថភាពផលិតរបស់អាមេរិក ថែមទៀត។
កាលពីដើមខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលដឹកនាំអាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក ដើម្បីពន្លឿនការអភិវឌ្ឍន៍ និងសាកល្បងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដើម្បីបង្កើនការផលិត និងការនាំចេញយន្តហោះគ្មានមនុស្សបើក។

លោក ក៏បានបញ្ជាឱ្យបង្កើនការការពារប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកកម្រិតខ្ពស់ ផងដែរ។
កាលពីខែកក្កដា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានបញ្ជាឱ្យពន្លឿនការផលិត និងដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក ក្នុងការប៉ុនប៉ងយកឈ្នះលើប្រទេសរុស្ស៊ី និងចិននៅក្នុងតំបន់៕

ដោយ៖ ពេជ្រ