មន្ត្រីក្នុងតំបន់ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង ៤ នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃអាទិត្យ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅបារមួយកន្លែង ក្នុងតំបន់ Anglophone Northwest ប្រទេសកាមេរូន។

យោងតាមមន្ត្រី បាននិយាយថា ការបំផ្ទុះនេះកើតឡើងនៅក្នុងទីក្រុង Batibo ដែលគ្រាប់បែកនោះ ត្រូវបានក្រុមភេរវករ បង្កប់នៅក្នុងបារនោះ។
មន្ត្រីសន្តិសុខក្នុងតំបន់ បានសន្និដ្ឋានថា ការកំណត់គោលដៅលើរបារនេះ គឺដោយសារតែ តែងតែមានមន្ត្រីប៉ូលិស ចេញ-ចូលនៅទីនោះ។ ទោះជាយ៉ាងនេះក្តី ក្នុងពេលកើតហេតុ គ្មានមន្ត្រីណាម្នាក់មានវត្តមាននោះទេ។ ជនរងគ្រោះទាំងអស់គឺជាជនស៊ីវិល។
គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនោះទេ ប៉ុន្តែអាជ្ញាធរក្នុងតំបន់ សង្ស័យថា ការវាយប្រហារនេះគឺក្រុមអ្នកប្រយុទ្ធបំបែកខ្លួនដែលសកម្មនៅក្នុងតំបន់នោះ ជាអ្នកប្រព្រឹត្ត៕

ដោយ៖ ពេជ្រ