ព្រឹកថ្ងៃទី ៣ ខែកញ្ញា ពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសបានប្រារព្ធធ្វើនៅទីលានធានអានមិនក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនអញ្ជើញចូលរួមពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។
លោក Xi Jinping បានលើកឡើងថា ជនរួមជាតិទូទាំងប្រទេស ប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃប្រទេសនានានិងអ្នកតំណាងនៃអង្គការអន្តរជាតិជាទីគោរព ភ្ញៀវកិត្តិយសគ្រប់រូបជាទីគោរព នាយទាហាននិងពលទាហានគ្រប់រូប សមមិត្ត មិត្តភក្តិគ្រប់រូបថ្ងៃនេះ យើងរៀបចំពិធីរំលឹកខួប ទី៨០ នៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសយ៉ាងឱឡារិក ក្នុងន័យរួមគ្នាចងចាំពីប្រវត្តិសាស្រ្ត រំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត ។
ខ្ញុំសូមតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សភាតំណាងប្រជាជនទូទាំងប្រទេសចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងគណៈកម្មាធិការយោធាមជ្ឈិមចិន សូមសម្តែងការគោរពដ៏ខ្ពង់ខ្ពស់ជូនចំពោះអតីតយុទ្ធជនជើងចាស់ សមមិត្តចាស់ៗ ឥស្សរជនស្នេហាជាតិ និងមេទ័ពទូទាំងប្រទេសចិនដែលធ្លាប់ចូលរួមសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ក៏ដូចជាកុលបុត្រកុលធីតាចិនទាំងក្នុងនិងក្រៅប្រទេសចិនដែលបានរួមចំណែកយ៉ាងសំខាន់ដល់ជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ! សូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះរដ្ឋាភិបាលបរទេសនិងមិត្តភក្តិអន្តរជាតិដែលបានផ្តល់ការគាំទ្រនិងជំនួយដល់ប្រជាជនចិនក្នុងការប្រឆាំងនឹងការឈ្លានពាន ! ព្រមទាំងសូមសម្តែងការស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅចំពោះភ្ញៀវកិត្តិយសនៃបណ្តាប្រទេសនានាដែលអញ្ជើញមកចូលរួមពិធីរំលឹកខួបថ្ងៃជ័យជម្នះក្នុងថ្ងៃនេះ ។
សមមិត្តនិងមិត្តភក្តិគ្រប់រូប
សង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនគឺជាសង្រ្គាមដ៏មហិមាដែលប្រកបដោយភាពលំបាកលំបិន ។ក្រោមការដឹកនាំនៃរណសិ្សរួបរួមជាតិប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ប្រជាជនចិនបានធ្វើការតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវបរទេសនិងបានទទួលជ័យជម្នះទាំងស្រុងជាលើកទីមួយលើការប្រឆាំងនឹងការឈ្លានពានរបស់បរទេសគិតចាប់ពីចូលសហសម័យមក ។
សង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនគឺជាផ្នែកដ៏សំខាន់នៃសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ប្រជាជនចិនបានរួមចំណែកដ៏សំខាន់ដោយមានការពលីយ៉ាងធ្ងន់ធ្ងរ ដើម្បីជួយសង្រ្គោះអរិយធម៌មនុស្សជាតិ និងការពារសន្តិភាពពិភពលោក។
ប្រវត្តិសាស្រ្តបានក្រើនរំលឹកដល់អ្នកផងទាំងពួងថា ជោគវាសនារបស់មនុស្សជាតិមានភាពប្រទាក់ក្រឡាគ្នា គ្រប់ប្រទេសនិងគ្រប់ជនជាតិមានតែរាប់អានគ្នាដោយសមភាព រួមរស់ដោយសុខដុមរមនីយកម្មនិងជួយយកអាសាគ្នាទៅវិញទៅមក ទើបអាចគាំពារសន្តិសុខរួមនិងលុបបំបាត់ឬសគល់នៃសង្រ្គាមដើម្បីកុំឱ្យសោកនាដកម្មក្នុងប្រវត្តិសាស្រ្តកើតឡើងម្តងទៀត ។
សមមិត្តនិងមិត្តភក្តិគ្រប់រូប
ប្រជាជាតិចិនជាជនជាតិដ៏មហិមាដែលមិនខ្លាចអំណាចអនុត្តរភាព ហើយកសាងប្រទេសខ្លាំងក្លាដោយខ្លួនទីពឹងខ្លួន ។ ពេលប្រឈមមុខនឹងការតស៊ូប្រយុទ្ធស្លាប់រស់រវាងសច្ចយុត្តិធម៌និងទុច្ចរិត ភាពភ្លឺស្វាងនិងភាពខ្មៅងងឹត វឌ្ឍនភាពនិងការដើរបញ្ច្រាសពីប្រវត្តិសាស្ត្រ ប្រជាជនចិនបានក្រោកឈរឡើងរួមសាមគ្គីគ្នាធ្វើការតស៊ូប្រយុទ្ធដើម្បីការរស់រានរបស់ជាតិ ការស្តារភាពរុងរឿងនៃប្រជាជាតិឡើងវិញ និងសច្ចយុត្តិធម៌របស់មនុស្សជាតិ ។ បច្ចុប្បន្ននេះ មនុស្សជាតិកំពុងប្រឈមមុខនឹងជម្រើសថា តើចង់បានសន្តិភាពឬសង្គ្រាម ការសន្ទនាឬការបដិបក្ខគ្នា ភាពឈ្នះ-ឈ្នះឬផលបូកសូន្យ ។ ប្រជាជនចិនប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ឈរនៅម្ខាងនៃវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ ប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ពួតដៃគ្នាជាមួយប្រជាជននៃប្រទេសនានាដើម្បីកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ។
ជានិច្ចកាល កងទ័ពរំដោះប្រជាជនចិនតែងតែជាវីរកងទ័ពរបស់បក្សនិងប្រជាជនដែលអាចជឿទុកចិត្តបានទាំងស្រុង ។ នាយទានហាននិងពលទាហាននៃកងទ័ពទាំងមូលត្រូវបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋដោយស្មោះត្រង់ ពន្លឿនការកសាងកងទ័ពលំដាប់ឈានមុខលើពិភពលោក គាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព ការបង្រួបបង្រួម និងបូរណភាពទឹកដីជាតិ ដើម្បីផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រសម្រាប់ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ និងរួមចំណែកកាន់តែធំដល់សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ។
ប្រវត្តិសាស្ត្របានឆ្លុះបញ្ចាំងពីអតីតកាល ហើយក៏បានបំផុសគំនិតពីអនាគតផងដែរ ។ ក្នុងដំណើរថ្មីនិងយុគសម័យថ្មី ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រជាជនចិនគ្រប់ជនជាតិត្រូវប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្សនិងលេនីន គំនិតរបស់លោកម៉ៅសេទុង គំនិតរបស់លោក Deng Xiaoping គំនិតសំខាន់នៃតំណាងទាំង ៣ និងទស្សនអភិវឌ្ឍន៍បែបវិទ្យាសាស្ត្រ អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវសង្គមនិយមមានលក្ខណៈពិសេសចិន បន្តវេននិងផ្សព្វផ្សាយស្មារតីដ៏មហិមានៃសង្រ្គាមប្រជាជនចិនប្រឆាំងនិងការឈ្លានពានរបស់ជប៉ុន ខិតខំបោះជំហានទៅមុខ រួមសាមគ្គីគ្នាតស៊ូប្រយុទ្ធ ដើម្បីជំរុញកិច្ចកសាងប្រទេសខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ និងជំរុញបុព្វហេតុនៃការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។
ការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញមិនអាចរារាំងបានឡើយ បុព្វហេតុដ៏ខ្ពង់ខ្ពស់នៃសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិប្រាកដជានឹងឈ្នះជាមិនខាន !


