តាកែវ៖ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅអគារពហុបំណងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ មានរៀបចំកិច្ចពិភាក្សាលើការងារអភិវឌ្ឍភូមិ ដោយគាំទ្រពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន ក្រោមកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។

ថ្លែងជម្រាបជូនភ្ញៀវពីកិច្ចអភិវឌ្ឍរបស់ភូមិតានន ដែលជាភូមិគំរូនៃការកាត់បន្ថយភាពក្រីក្រតាមរយៈការអនុវត្តគម្រោងរួមគ្នារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនិងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ លោក ប៉ាង សាមឺឌី មេភូមិតាននបានរំលេចថា ចាប់ពីឆ្នាំ២០២១មក ភូមិតាននដែលមានប្រជាជន៦៣៧រូបបានទទួលផលដោយផ្ទាល់ពីការអភិវឌ្ឍនេះ។ ជានិច្ចកាល ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ភូមិតាននបានប្រែរូបភាពរបស់ខ្លួនយ៉ាងឆាប់រហ័សដោយទទួលបានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ សេវាសាធារណៈកាន់តែប្រពៃ ហើយជីវភាពរបស់ប្រជាជនភូមិតាននបានកើនឡើងជាប្រចាំ។ បន្ថែមពីលើនេះ ភ្ញៀវចិនកាន់តែច្រើនឡើងបានមកទស្សនាភូមិ ព្រមទាំងបានរួមចំណែកនៅក្នុងការអនុវត្តគម្រោងនានាជួយលើកកម្ពស់ជីវភាពរបស់អ្នកភូមិបន្ថែមទៀតផងដែរ។ លោកបានគាំទ្រនូវទស្សនៈរួមរបស់អ្នកភូមិថា នេះជាការអភិវឌ្ឍប្រកបដោយល្បឿនយ៉ាងលឿនដោយទទួលបាននូវបទពិសោធន៍ពីមិត្តចិនលើការអភិវឌ្ឍជនបទ។

លោក កឺឡី (Ge Lei) ប្រធាននាយកដ្ឋានគម្រោងនៃមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍបានវាយតម្លៃខ្ពស់ចំពោះកិច្ចសម្របសម្រួលរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានពូនផ្តុំកម្លាំងរបស់ប្រជាជនភូមិតានននិយាយដោយឡែក ប្រជាជនរស់នៅក្នុងឃុំដូងនិយាយរួមដើម្បីសម្រេចបាននូវសមិទ្ធផលនានាជាច្រើនក្នុងចរន្តនៃការអភិវឌ្ឍភូមិតានន។ លោកក៏បានបន្ថែមពីការគាំទ្រដល់ផែនការអភិវឌ្ឍភូមិតាននតាមរយៈគម្រោងនានាដែលបានផ្តួចផ្តើមដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិលផងដែរ។

ដោយយល់ស្របនឹងរបាយការណ៍ដែលទទួលបានពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិនបានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ដែលបានបង្កើនល្បឿនអភិវឌ្ឍរបស់ភូមិតានននេះដែលមិនត្រឹមឈានទៅសម្រេចបាននូវគោលដៅជាភូមិកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ព្រមទាំងជាគំរូភាពនៃមិត្តភាពរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន ថែមទៀតផង។ លោកក៏បានបន្ថែមពីការរួមចំណែករបស់វិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិនក្នុងការទាក់ទាញទេសចរជនជាតិចិន និងកៀរគរកម្លាំងសង្គមស៊ីវិលចិនកាន់តែច្រើនមករួមចំណែកក្នុងចរន្តនៃការអភិវឌ្ឍភូមិតាននតាមរយៈកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

គួរបញ្ជាក់ផងដែរថា នៅក្នុងភូមិតានននេះ តាមរយៈកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍបានជីកអណ្តូងចំនួន៥ក្នុងចំណោមអណ្តូងទាំង២០០ដែលបានផ្តល់ជូនដល់ខេត្តតាកែវ បានសាងសង់អគារសិក្សា១ខ្នងកម្ពស់២ជាន់មាន១២បន្ទប់ សាងសង់ផ្លូវបេតុងជុំវិញភូមិទាំងមូល សាងសង់ប្រឡាយបង្ហូរទឹកអមសងខាងផ្លូវបេតុង សាងសង់អគារពហុបំណង ស្ថានីយផលិតទឹកស្អាតដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងបំពាក់អំពូលអគ្គិសនីបំភ្លឺផ្លូវដើរដោយថាមពលពន្លឹព្រះអាទិត្យនៅជុំវិញភូមិថែមទៀតផង៕

