ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតគ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជាលោក Mattew McConkey បានលើកឡើងថា ឆ្នាំនេះ Shan United បានផ្លាស់ប្ដូរកីឡាករច្រើន ពិសេសកីឡាករបរទេស ព្រមទាំងទម្រង់លេងជាដើម ហើយព្រះខ័នរាជស្វាយរៀង ក៏ដូចគ្នា ។ ដូច្នេះលោកគិតថា ជំនួបលើកនេះ នឹងមានការខុសប្លែងច្រើន បើធៀបនឹងការជួបគ្នា ៣លើកកន្លងមក ។ យ៉ាងណាលោកថា វាមិនមែនជាឧបសគ្គសម្រាប់ក្រុមក្នុងដំណើរឆ្ពោះទៅរកជ័យជម្នះនោះទេ គ្រាន់តែលោកចង់បង្ហាញថា អ្វីដែលបានកើតឡើងពីអតីតកាល មិនមានអ្វីប៉ះពាល់ដល់អនាគតឡើយ។
ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុម Shan United របស់ម្ចាស់ផ្ទះមីយ៉ាន់ នាវេលាម៉ោង ៦៖៣០នាទីល្ងាច(ម៉ោងនៅកម្ពុជា) ថ្ងៃទី២១ ខែសីហានេះ ក្នុងជំនួបបើកឆាកពូលB នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នយ៍ ASEAN Club Championship Shopee Cup 2025/26។
ចំណែកភារកិច្ចបន្ទាប់ស្វាយរៀង ប្រកួតក្រៅដី ជាមួយក្រុម Nam Dinh របស់វៀតណាម ថ្ងៃទី២៥ ខែកញ្ញា មុនបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ ដែលជាក្លិបធំៗក្នុងពូល ២ប្រកួតជាប់គ្នា ដោយត្រូវជួបក្រុមជើងឯកលីគកំពូលម៉ាឡេស៊ី Johor Darul Ta’zim FC នាថ្ងៃទី៤-ធ្នូ និងជួបក្រុមជើងឯករងលីគកំពូលថៃ Bangkok United នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មុនជំនួបបញ្ចប់ពូលB ជាមួយក្រុមម្ចាស់ផ្ទះ របស់សិង្ហបុរី Lion City Sailors FC នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕
