បទវិភាគ៖ការធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិតជំរុញវិស័យអប់រំ

“ឈានចូលយុគសម័យវៃឆ្លាត ការធ្វើឌីជីថលូបនីយកម្មខាងវិស័យអប់រំមិនមែនជាបញ្ហាបច្ចេកវិទ្យាធម្មតាទេ តែគឺជាព្រឹត្តិការណ៍យុទ្ធសាស្ត្រដ៏សំខាន់ដែលជះឥទ្ធិពលរហូតដល់សម្រេចភាពជោគជ័យឬបរាជ័យនៃកិច្ចកសាងប្រទេសខ្លាំងក្លាខាងការអប់រំ” ។” កាលពីថ្ងៃទី១៨ខែសីហា មហាសន្និបាតស្តីពីការអប់រំវៃឆ្លាតសកលឆ្នាំ២០២៥បានបើកធ្វើនៅក្រុងប៉េកាំងក្រោមប្រធានបទ “មនុស្សនិងAIធ្វើកិច្ចសហការគ្នា ដើម្បីជំរុញវិស័យអប់រំ”  ។លោក Wu Yan អនុរដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសចិនបានថ្លែងដូចពោលខាងលើ ។

ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិតនិងបច្ចេកទេសទិន្នន័យធំ ការអប់រំកំពុងឆ្លងកាត់ដំណាក់កាលបង្កើតនិម្មាបនកម្មថ្មី ការធ្វើបរិវត្តកម្មឌីជីថលជាទិសដៅដ៏ចាំបាច់នៃកំណែទម្រង់ខាងការអប់រំសកល ។ ប្រឈមមុខនឹងបញ្ហាយុគសម័យដែលថា“ការអប់រំនឹងដំណើរការបែបណាក្នុងយុគសម័យឆ្លាតវៃ” លោកស្រី Yu Jihong សកលវិទ្យាធិការិនីនៃសកលវិទ្យាល័យគរុកោសល្យប៉េកាំងបានអំពាវនាវសាលាឧត្តមសិក្សាឱ្យរ៉ាប់រងបេសកកម្មយ៉ាងប្រាកដប្រជា ណែនាំដោយម្ចាស់ការនូវកំណែទម្រង់វិស័យអប់រំឌីជីថល ជំរុញការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងបញ្ញាសិប្បនិម្មិតនិងវិស័យអប់រំ ធ្វើការច្នៃប្រឌិតថ្មីយ៉ាងសកម្មចំពោះរូបមន្តបណ្តុះបណ្តាលធនធានមនុស្ស បង្កើតគំរូថ្មីសម្រាប់ការលូតលាស់នៃធនធានមនុស្សកំពូលដែលប្រកបដោយភាពច្នៃប្រឌិតថ្មី ស្វែងរកការរួមបញ្ចូលគ្នានៃមុខវិជ្ជា ដើម្បីជំរុញការច្នៃប្រឌិតថ្មីដ៏សំខាន់ ក៏ដូចជាបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការឌីជីថលខាងវិស័យអប់រំ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍយូរអង្វែងនៃការអប់រំរបស់មនុស្សជាតិទាំងមូល ។

លោកស្រី Feng Wanmei សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមThe Hong Kong Jockey Club បានថ្លែងថា ការអប់រំវៃឆ្លាតមិនត្រឹមតែយកចិត្តទុកដាក់ចំពោះបច្ចេកវិទ្យាប៉ុណ្ណោះទេ អ្វីដែលកាន់តែសំខាន់ជាងទៀតគឺជំរុញការអភិវឌ្ឍនៃការអប់រំពីដំណាក់កាលកុមារដល់យុវជននិងក្មេងជំទង់ផងដែរ ។ លោកស្រីរំពឹងទុកថានឹងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូទូទាំងពិភពលោក ដើម្បីរួមគ្នាបង្កើតគំរូអប់រំថ្មីនៅពេលអនាគតដែលប្រកបដោយភាពបើកទូលាយ ចែករំលែកជាមួយគ្នានិងបរិយាប័ន្ន ។

លោក Mohamed Ould Amar អគ្គលេខាធិការនៃអង្គការអប់រំ វប្បធម៌និងវិទ្យាសាស្ត្រនៃសម្ព័ន្ធអារ៉ាប់បានថ្លែងថា ក្នុងនាមជាបច្ចេកវិទ្យាថ្មីដែលមិនធ្លាប់មានកាលពីមុន បញ្ញាសិប្បនិម្មិតកំពុងជំរុញកំណែទម្រង់វិស័យអប់រំ លើកកម្ពស់គុណភាពនៃការអប់រំនិងពង្រីកឱកាសអប់រំ ។ អង្គការអប់រំ វប្បធម៌និងវិទ្យាសាស្ត្រនៃសម្ព័ន្ធអារ៉ាប់និងអង្គការ UNESCO នៃអង្គការសហប្រជាជាតិបានយកចិត្តទុកដាក់ខ្ពស់ដល់ការគ្រប់គ្រងខាងក្រមសីលធម៌ អភិបាលកិច្ចនិងការប្រើប្រាស់នៃបញ្ញាសិប្បនិម្មិត ឆ្លងតាមរយៈការតាក់តែងគំនិតផ្តួចផ្តើមនិងផែនការអភិវឌ្ឍន៍ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាដោយមានទំនួលខុសត្រូវក្នុងវិស័យអប់រំវប្បធម៌និងការស្រាវជ្រាវវិទ្យាសាស្ត្រជាដើម ខិតខំប្រឹងប្រែងចាត់ទុកបញ្ញាសិប្បនិម្មិតជាមធ្យោបាយដ៏សំខាន់សម្រាប់លុបបំបាត់គម្លាតខាងការអប់រំរវាងប្រទេសអារ៉ាប់និងសម្រេចបាននូវការអប់រំដោយសមភាព ។

ស្របពេលដែលជំរុញភាពវៃឆ្លាតវិស័យអប់រំយ៉ាងពេញទំហឹង ក៏ត្រូវប្រុងប្រយ័ត្នហានិភ័យដែលសិស្សានុសិស្ស “ពឹងផ្អែកទៅលើ AI ទាំងស្រុង” ចាំបាច់ត្រូវប្រកាន់ខ្ជាប់គោលការណ៍ជាស្នូលស្តីពី“ការតម្កល់ទុកមនុស្សជាអាទិភាព” ។

លោកស្រី Stefania Giannini ជំនួយការខាងការអប់រំនៃអគ្គនាយកនៃអង្គការ UNESCO បានលើកឡើងក្នុងមហាសន្និបាតស្តីពីការអប់រំវៃឆ្លាតសកលឆ្នាំ២០២៥ថា បច្ចុប្បន្ននេះ ការអប់រំនៅទូទាំងពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅដែលបណ្តាលមកពី AI  បាតុភូតដែលសិស្សានុសិស្ស“ប្រគល់សមិទ្ធផលដែលបង្កើតឡើងដោយប្រព័ន្ធ AI ធ្វើជាសមិទ្ធផលបុគ្គលខ្លួនឯងផ្ទាល់”គឺកើតមានជាទូទៅ នេះប្រហែលនឹងបណ្តាលឱ្យមានការផ្ទេរសិទ្ធិសម្រេចចិត្តដោយម្ចាស់ការរបស់មនុស្សជាតិ ។ លោកស្រីយល់ឃើញថា ការប្រើប្រាស់ AI ក្នុងវិស័យអប់រំមិនត្រឹមតែបង្ហាញលើសមត្ថភាពដោះស្រាយបច្ចេកវិទ្យាប៉ុណ្ណោះទេ ហើយក៏ចាំបាច់ត្រូវចាក់ឬសគល់ក្នុងគោលការណ៍ស្នូលចំនួនបួនគឺ រៀនសូត្រ គិតពិចារណា ធ្វើជាមនុស្សនិងការអភិវឌ្ឍ ។ លោកស្រីអំពាវនាវឱ្យប្រព័ន្ធអប់រំទូទាំងពិភពលោកគួររៀបប្លង់ជាថ្មីឡើងវិញ ដើម្បីធានាឱ្យ AI ក្លាយជាឧបករណ៍“បង្កើនសមត្ថភាពដល់គ្រូបង្រៀននិងសិស្សានុសិស្ស” តែមិនមែនជំនួសសមត្ថភាពវិនិច្ឆ័យនិងមនសិការរបស់មនុស្សជាតិនោះឡើយ ។

 លោក Wu Yan អនុរដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសចិនបានថ្លែងថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់លើការធ្វើឌីជីថលូបនីយកម្មវិស័យអប់រំ ចាត់ទុកវាជាមធ្យោបាយដ៏សំខាន់សម្រាប់ត្រួសត្រាយវិស័យថ្មីខាងការអប់រំនិងបង្កើតឧត្តមភាពអភិវឌ្ឍន៍ថ្មី ។ ការធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិតបានជះឥទ្ធិពលយ៉ាងស៊ីជម្រៅចំពោះវិស័យអប់រំ ការធ្វើឌីជីថលូបនីយកម្មវិស័យអប់រំគឺជាភារកិច្ចចម្បងជាយុទ្ធសាស្ត្រដែលពាក់ព័ន្ធនឹងភាពជោគជ័យនៃការកសាងប្រទេសខ្លាំងក្លាខាងការអប់រំ ។ ចិនកំពុងជំរុញឱ្យបញ្ញាសិប្បនិម្មិតដាក់បញ្ចូលយ៉ាងស៊ីជម្រៅក្នុងវិស័យនានានៃការអប់រំ នឹងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការឌីជីថលខាងការអប់រំ បង្កើតបណ្តាញសិក្សាស្រាវជ្រាវនិងវេទិកាច្នៃប្រឌិតថ្មីអន្តរជាតិខាងការអប់រំឌីជីថល ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍប្រកបដោយភាពវៃឆ្លាតនិងនិរន្តរភាពខាងការអប់រំនៃមនុស្សជាតិទាំងមូល ៕

Written by 

Related posts

Leave a Comment