ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mohamed Salah បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមបាល់ទាត់អាជីព (PFA) កាលពីថ្ងៃអង្គារ ដោយកីឡាករអេហ្ស៊ីបរូបនេះបានក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់ចំនួន៣លើក។
Salah បានចូលរួមជាមួយ Liverpool ក្នុងឆ្នាំ ២០១៧ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League កាលពីរដូវកាលមុន ដោយស៊ុតបាន ២៩ គ្រាប់ រួមជាមួយនឹង Assists ចំនួន ១៨ ដង នឹងបានដើរតួយ៉ាងសំខាន់ក្នុងក្រុមឈ្នះពានលីក ដោយបញ្ចប់ការនាំមុខក្រុមរងជើងឯក Arsenal ចំនួន១០ ពិន្ទុ។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលនៃក្របខ័ណ្ឌ Premier League ស្បែកជើងមាសសម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេ និងពានរង្វាន់ Playmaker សម្រាប់ការបញ្ជូនបាល់ច្រើនបំផុតដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់ទាំងបីក្នុងរដូវកាលតែមួយ។
សូមជម្រាបថា Salah បានឈ្នះពានរង្វាន់ PFA ជាលើកដំបូងក្នុងឆ្នាំ ២០១៨ ដែលដូវកាលដំបូងរបស់គាត់នៅ Liverpool ហើយម្តងទៀតនៅឆ្នាំ ២០២២ និងឆ្នាំ២០២៥នេះតែម្ដង៕
