លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសតែងតាំងអភិបាលរងខេត្តកោះកុងថ្មី ចំនួន២រូប គឺ លោក ឡៅ ប៊ុនខេង និងលោក គិត សុផា។

ពិធីប្រកាសតែងតាំងនេះ បានរៀបចំធ្វើឡើងនៅសាលមហោស្របខេត្តកោះកុង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការទទួលស្វាគមន៍ពីលោក ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, លោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, អភិបាលក្រុង /ស្រុក មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានសូមចូលរួមអបអរសាទរ ការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត នាថ្ងៃនេះ ហើយសង្ឃឹមថា មន្ដ្រីដែលប្រកាសចូលកាន់នុខតំណែងថ្មី ត្រូវអនុវត្តតួនាទី ភារកិច្ច កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្ត កាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកោះកុងឲ្យកាន់តែមានការរីកចម្រើនថែមទៀត និងលើកស្ទួយផ្នែកវិស័យទេសចរណ៍ និងសេដ្ឋកិច្ច។

លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកោះកុង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកោះកុងទាំងអស់ ដែលបានរួមសាមគ្គី សហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ នាពេលកន្លងមក។

លោកក៏បានផ្ដាំផ្ញើលោកអភិបាលរងថ្មី ដែលទើបទទួលការតែងតាំងមុខតំណែង ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្តកោះកុង ឲ្យមានភាពរីកចម្រើនបន្ថែមទៀត ដើម្បីលើកស្ទួយវិស័យទេសចរណ៍ សេដ្ឋកិច្ច និងលើកស្ទួយជីវភាពពលរដ្ឋក្នុងជីវភាពគ្រួសារ ការកាត់បន្ថភាពក្រីក្រ ជាពិសេសភូមិ ឃុំមានសុវត្ថិភាព៕




