រាជធានីភ្នំពេញ ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការ OIF បានបើកវគ្គ «វិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំង សម្រាប់តំបន់ភ្នំពេញ និងតំបន់ជុំវិញ» ក្រោមអធិបតីភាព ឯកឧត្តម ឈុន មករា អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ហួត ហៃ អភិបាលរង និងជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, មន្ទីរទេសចរណ៍រាជធានីភ្នំពេញ តំណាងក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ អង្គការពាក់ព័ន្ធ មគ្គុទ្ទេសក៍ទេសចរណ៍ និងវិស័យឯកជន សរុបប្រមាណ ៨០រូប។

វគ្គបណ្ដុះបណ្ដាលខាងលើប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែសីហាឆ្នាំ២០២៥ ក្នុងគោលបំណងចូលរួមអភិវឌ្ឍធនធាន និងពង្រឹងសមត្ថភាពរបស់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំង ក្នុងតំបន់រាជធានីភ្នំពេញ និងតំបន់ជុំវិញ។ ជាពិសេសកសាងសមត្ថភាពបន្ថែម ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូល Francophonie Summit 2026 ដែលកម្ពុជានឹងជាធ្វើជាម្ចាស់ផ្ទះ។

វគ្គបណ្ដុះបណ្ដាលវិក្រឹតការនេះ ផ្ដោតសំខាន់សំខាន់ចំណេះដឹង និងជំនាញរួមមាន៖ (១)វឌ្ឍនភាពវិស័យទេសចរណ៍កម្ពុជា និងពិភពលោក (២)ការយល់ដឹងអំពីបដិសណ្ឋារកិច្ច របស់មគ្គុទ្ទេសក៍ទេសចរណ៍ (៣)ជំនាញក្នុងការដឹកនាំភ្ញៀវទេសចរ(៤)ជំនាញអត្ថាធិប្បាយ (៥)ក្រមសីលធម៍វិជ្ជាជីវៈរបស់មគ្គុទ្ទេសក៍ទេសចរណ៍ (៦)ដំណើរការ និងនីតិវិធីរៀបចំចុះបេតិកភណ្ឌពិភពលោក ករណីចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា (៧)ការគ្រប់គ្រងបរិស្ថាននៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ (៨)ការយល់ដឹងអំពីទីផ្សារទេសចរណ៍កម្ពុជា និងការរៀបកញ្ចប់ទស្សកិច្ចសម្រាប់តំបន់រាជធានីភ្នំពេញ និងតំបន់ជុំវិញ (៩) ការអភិវឌ្ឍន៍ និងការចំណាយលើការធ្វើដំណើរនិង(១០)សមត្ថភាពបរិយាយជាភាសាបារាំង៕





