​សម្តេច ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ដែលបានពលីក្នុងបុព្វហេតុការពារជាតិ ទឹកដី ក្នុងការប្រយុទ្ធតស៊ូជាមួយកងទ័ពថៃ

ខេត្តស្វាយរៀង៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន និងសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រួសារសព ដែលរៀបចំឡើងនៅវត្តពោធិ៍ញ្ញាណ ហៅវត្តតាប៉ោ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹក ថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

គួរំលឹកផងដែរថា លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ជាយោធា បម្រើការងារនៅកងពលតូចអន្តរាគមន៍លេខ ៨ ប្រចាំការនៅ សមរភូមិជួរមុខតំបន់ភ្នំទ្រព្យ បានពលីក្នុងសមរភូមិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លានពាន របស់កងទ័ពថៃ ។

មរណភាពរបស់ លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ដែលប្រកប ដោយព្រហ្មវិហារធម៌។ មិនត្រឹមតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ឯក បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយទ័ពឈ្លានពានថៃ បានបង្ហាញគំរូវីរភាពរបស់វីរៈយុទ្ធជន ដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ។

នៅក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំយកបច្ច័យចូលបុណ្យចំនួន ១២លាន៤០ម៉ឺរៀល និង ៨០០$ និងមានការអមដំណើរដោយរដ្ឋបាលខេត្តស្វាយរៀងថវិកា ៥លានរៀល ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមជាមួយនឹងថវិការបស់សមាគមឧកញ៉ា ចំនួន ១ម៉ឺនដុល្លារ ដែលដឹកនាំដោយអ្នកឧកញ៉ា អ៊ាន អេឡែន និងរួមដំណើរដោយ អ្នកឧកញ៉ា ឡាវ កាំង អ្នកឧកញ៉ា យី រដ្ឋា អ្នកឧកញ៉ា លី ប៉ោយូ សរុបប្ច័យបុណ្យចំនួន ១៧.៤០០.០០០រៀល និង ១០.៨០០$។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី លោក ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕គឹមសេង

Written by 

Related posts

Leave a Comment