នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីវេទិកាការងា និងការចុះឈ្មោះស្វែងរកការងារធ្វេីរបស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានការសម្ភាសការងារជ្រេីសរេីសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារ ស្ថិតនៅបរិវេណសាលាស្រុករមាសហែក ខេត្តស្វាយរៀង។

កម្មវិធីនេះបានប្រព្រឹត្តទៅមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនក្នុងខេត្តចំនួន៥ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងពលករដែលទើបវិលមកពីប្រទេសថៃ ចូលរួមសរុបប្រមាណ៩៧០នាក់ ស្រី៤៥០នាក់។

មានប្រសាសន៍ទៅកាន់វេទិការនេះ ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់បងប្អូនពលករខ្មែរយេីងដែលទើបត្រលប់មកពីប្រទេសថៃវិញ ត្រូវតាំងចិត្តខិតខំធ្វើការនៅក្នុងស្រុករបស់យេីង ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡេីង ព្រោះថាការងារនៅក្នុងស្រុកក៏មានភាពងាយស្រួលជាង មានសុវត្ថិភាពជាង និងទទួលបានអត្ថប្រយោជន៍ច្រើនជាងធ្វើការនៅថៃ ដែលទទួលរងនូវការម៉ាក់ងាយពីថៅកែថៃមួយចំនួន ក្រុមជ្រុលនិយមរបស់គេផងដែរ។

ឯកឧត្ដមបន្តថា «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុករមាសហែកនាពេលនេះ បានផ្តល់ឱកាសការងារយ៉ាងច្រេីនជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនក្នុងខេត្តស្វាយរៀងនៅទីនេះមានចំនួន៥ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន៣,៣៤៧កន្លែង ទន្ទឹមនេះចំពោះប្រាក់ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង។(ប្រភពពី៖ CPP)




