​បទវិភាគ ៖ ការអនុវត្តនូវអ្វីដែលហៅថា “ពន្ធគយបដិការ”នឹងធ្វើឱ្យអនាគតនៃសេដ្ឋកិច្ចសកលត្រូវគ្របដណ្តប់ដោយស្រមោលខ្មៅ

នៅថ្ងៃទី ៧ ខែសីហា កំណែថ្មីនៃអ្វីដែលហៅថា “ពន្ធគយបដិការ”របស់រដ្ឋាភិបាលអាមេរិកបានចូលជាធរមានជាផ្លូវការ ពោលគឺ ប្រទេសនិងតំបន់ចំនួន ៦៩ នៅទូទាំងពិភពលោកនឹងត្រូវយកពន្ធគយមិនដូចគ្នាពី ១០ ភាគរយទៅ ៤១ ភាគរយ ។ តាមការប៉ាន់ប្រមាណថ្មីបំផុតឱ្យដឹងថា អត្រាពន្ធគយដ៏មានប្រសិទ្ធភាពគិតជាមធ្យមរបស់សហរដ្ឋអាមេរិកបានឈានដល់ ១៨,៣ ភាគរយដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតមួយរយឆ្នាំកន្លងមក ។ មតិអន្តរជាតិបានយល់ឃើញថា ការអនុវត្តនូវអ្វីដែលហៅថា “ពន្ធគយបដិការ” គឺ មានន័យថា ការពារនិយមផ្នែកពាណិជ្ជកម្មរបស់រដ្ឋាភិបាលអាមេរិកត្រូវលើកកម្ពស់លំដាប់ថ្នាក់ថែមមួយកម្រិតទៀត វាមិនត្រឹមតែនឹងធ្វើឱ្យអនាគតនៃសេដ្ឋកិច្ចសកលត្រូវគ្របដណ្តប់ដោយស្រមោលខ្មៅប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំមកនូវការរលបត្របាក់កាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិកផងដែរ ។

បន្ទាប់ពីការពន្យារពេលជាច្រើនលើកនិងការចរចាជាច្រើនជុំ ទីបំផុត អាមេរិកបានកំណត់ថា អត្រាពន្ធគយចូលជាធរមាននៅថ្ងៃទី ៧ ខែសីហា ។ យ៉ាងណាមិញ តើអាមេរិកទទួលបានផលប្រយោជន៍ពីនេះយ៉ាងពិតប្រាកដឬទេ ? អ្នកវិភាគជាច្រើនសម្គាល់ឃើញថា ក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្លុតកំហែងខាងពន្ធគយរបស់អាមេរិកលើកនេះ វិធានការតបតវិញយ៉ាងខ្លាំងក្លារបស់អង្គភាពសេដ្ឋកិច្ចមួយចំនួនបានធ្វើឱ្យផលិតផលជាច្រើនរបស់អាមេរិកមិនអាចនាំចេញបានដែលបណ្តាលឱ្យសហគ្រាសអាមេរិករងការខាតបង់យ៉ាងខ្លាំង ខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មក៏បានធ្លាក់ក្នុងសភាពបែកបាក់ដែរ ហើយប្រជាជនអាមេរិកបានប្រឈមមុខនឹងវិបត្តិជាច្រើន ដូចជាការកើនឡើងយ៉ាងខ្លាំងនៃតម្លៃទំនិញនិងអតិផរណាមានសភាពកាន់តែធ្ងន់ធ្ងរ។ល។

ទោះបីជាអ្វីដែលហៅថា “ពន្ធគយបដិការ”របស់អាមេរិកទើបបានចូលជាធរមានក៏ដោយ ក៏ការបង់តម្លៃរបស់ខ្លួន គឺ មានតម្រុយតាំងពីយូរណាស់មកហើយដែរ ។

ក្រឡេកមើលទៅឧស្សាហកម្មកម្មន្តសាលសិន ។ តាមលទ្ធផលស៊ើបអង្កេតថ្មីបំផុតនៃសមាគមគ្រប់គ្រងការផ្គត់ផ្គង់របស់អាមេរិកបង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ(PMI)នៃឧស្សាហកម្មកម្មន្តសាលអាមេរិកនៅខែកក្កដាត្រូវជា ៤៨ ភាគរយដែលបានធ្លាក់ចុះក្នុងរយៈពេល ៥ ខែជាប់ៗគ្នា ។ បើមើលពីសេដ្ឋកិច្ចនៃឧស្សាហកម្មកម្មន្តសាលអាចឃើញថា មុខរបរចំនួន ៧៩ ភាគរយក្នុងចំណោមផលិតផលក្នុងស្រុកសរុប(GDP)នៃឧស្សាហកម្មកម្មន្តសាលអាមេរិកនៅខែកក្កដាបានលេចចេញការធា្លក់ចុះដែលខ្ពស់ជាង ៤៦ ភាគរយក្នុងខែមិថុនាយ៉ាងច្រើន ។ វេបសាយនៃកាសែត«The Wall Street Journal»របស់អាមេរិកបានចេញផ្សាយអត្ថបទនៅថ្ងៃទី ៦ ខែសីហាថា ភាពមិនប្រាកដប្រជាដូចជាគោលនយោបាយពន្ធគយរបស់អាមេរិកជាដើមកំពុងបង្កជាកម្លាំងសម្ពាធទៅលើឧស្សាហកម្មកម្មន្តសាលក្នុងស្រុកជាបន្តបន្ទាប់ ចាប់ពីចូលឆ្នាំនេះមក សកម្មភាពសេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងឧស្សាហកម្មកម្មន្តសាលស្ទើរតែធ្លាក់ចុះទាំងអស់ ។

ក្រឡេកទៅមើលការប្រកបការងារ ។ តាមទិន្នន័យដែលក្រសួងការងាររបស់អាមេរិកប្រកាសនាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ទីផ្សារកម្លាំងពលកម្មរបស់អាមេរិកបានលេចចេញសភាពធ្លាក់ចុះយ៉ាងច្បាស់លាស់ ។ អត្រាបាត់បង់ការងារប្រចាំខែកក្កដាបានឡើងដល់ ៤,២ ភាគរយ អត្រាជ្រើសរើសបុគ្គលិករបស់សហគ្រាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៧ ខែចុងក្រោយនេះ ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានអះអាងថា “នេះគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង” ។

អ្នកផងទាំងពួងនៅតែចងចាំថា នៅទសវត្សរ៍ឆ្នាំ ៣០ នៃសតវត្សរ៍មុន សហរដ្ឋអាមេរិកបានដំឡើងពន្ធគយទៅលើទំនិញនាំចូលជាង ២ ម៉ឺនប្រភេទជុំវិញពិភពលោកទាំងមូលដែលបង្កជាការតបតវិញខាងពាណិជ្ជកម្មពីប្រទេសផ្សេងទៀតនិងបណ្តាលឱ្យពាណិជ្ជកម្មសកលធ្លាក់ចុះជាង ៦០ ភាគរយក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ ។ ដោយឡែកពាណិជ្ជកម្មខាងការនាំចេញនាំចូលរបស់អាមេរិកខ្លួនឯងក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ។ រយៈពេលជិត ១០០ ឆ្នាំក្រោយមក សុបិនអាក្រក់បែបនេះប្រហែលនឹងកើតឡើងម្តងទៀត ។ អ្នកនយោបាយអាមេរិកគួរក្រេបយកមេរៀនពីប្រវត្តិសាស្ត្រ ៕

Written by 

Related posts

Leave a Comment