ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជេីញជាអធិបតីក្នុងបើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅចំណុចភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ក្រោមកម្ចីធនាគារអភិវឌ្ឍន៍អាស៉ី ADB ក្នុងតម្លៃជិត ៣០លានដុល្លារ (២៩,០៨៦,៧៤៨.១១ដុល្លារ)។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្ដម វង្ស ពិសិដ្ឋ បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសក្នុងនាមក្រសួងជំនាញ តែងបានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀងរហូតសម្រេចការអនុវត្តគម្រោងនេះឡើងលើទឹកដីក្រុងបាវិត ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៉ី(ADB ) បន្ទាប់ពីបានចុះកិច្ចសន្យាទទួលអនុគម្រោងនេះ ហើយក្រុមហ៊ុនចំនួន១ជាអ្នកទទួលការសាងសង់។

ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ពិធីបើកការដ្ឋានក្រុងពាលីថ្ងៃនេះ គឺជាសមិទ្ធផលដ៏មានតម្លៃ និងផ្តល់សារៈប្រយោជន៍យ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ និងមូលដ្ឋានទាំងមូលក្នុងក្រុងបាវិត ហើយសូមសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារ ADB ដែលបានផ្តល់ជូនសម្រាប់ការអនុវត្តគម្រោងទីក្រុងគួរឲ្យចង់រស់នៅនេះឡេីង ហេីយក៏ជាមោទនភាព ដោយក្រុងបាវិត គឺជាក្រុងមួយក្នុងចំណោមក្រុងទាំងបី មាន ក្រុងបាវិត ក្រុងកំពត និងក្រុងប៉ោយប៉ែត ដែលទទួលបាននូវគម្រោងដ៏មានតម្លៃនេះ ហើយក្នុងចំណោមអនុគម្រោង ៥ មានពីរនៅក្រុងបាវិត គឺអនុគម្រោងសាងសង់ទីលានទុកដាក់សំរាម (មានទីតាំងនៅភូមិច្រកម្ទេស សង្កាត់ ច្រកម្ទេស) បានចូលរួមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មកដល់ពេលនេះដំណើរការសាងសង់សម្រេចបានប្រមាណជា ៥៤%) ។ ហើយថ្ងៃនេះ យើងបើកការដ្ឋានសាងសង់អនុគម្រោងទី២ គឺប្រព័ន្ធលូ និងស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលត្រូវប្រើពេលវេលាសាងសង់ ចំនួន ៣៦ខែ បញ្ចប់នៅ ឆ្នាំ២០២៨ខាងមុខ ដោយចំណាយថវិកាសាងសង់ប្រមាណជាង២៩លានដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្តមបន្ថែមថា គម្រោងនេះ គឺពិតជាមានភាពសមស្រប ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ហើយនឹងអាចដោះស្រាយនូវបញ្ហាចំពោះមុខដ៏មានប្រសិទ្ធភាព និងចំទិសដៅ ដែលមូលដ្ឋានកំពុងជួបប្រទះ បេីប្រៀបធៀបពីមុនក្រុងយើងតូច ប្រជាជនតិច មូលដ្ឋានអាជីវកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មផ្សេងៗ ក៏មិនសូវមាន ខុសពីបច្ចុប្បន្ន ក្រុងបាវិតមានការអភិវឌ្ឍរីកចម្រើន គួរឲ្យកត់សម្គាល់ ដោយបានប្រែក្លាយពីតំបន់ព្រំដែនធម្មតាដែលមានសកម្មភាពសេដ្ឋកិច្ចតិចតួច ទៅ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ផលិតកម្ម និងជាទីតាំងយុទ្ធសាស្ត្រសេដ្ឋកិច្ច ដែលបានដើរតួនាទីជាប្រភពការងារដ៏សំខាន់ មិនសម្រាប់តែប្រជាពលរដ្ឋនៅក្នុងខេត្ត តែក៏មានប្រជាពលរដ្ឋពីបណ្តាខេត្តផ្សេងៗមកបម្រើការងារនៅទីនេះផងដែរ ហេីយសព្វថ្ងៃមូលដ្ឋានក្រុងបាវិតមានតំបន់សេដ្ឋកិច្ចពិសេស រហូតដល់ ៦កន្លែង និងមានរោងចក្រ ១២៤កន្លែង ជាទីផ្តល់នូវប្រភពការងារជិត ៧ម៉ឺននាក់ ដែលស្មើនឹងពាក់កណ្តាល នៃចំនួនកម្មករ ក្នុងខេត្តទាំងមូល។

ឯកឧត្តមបញ្ជាក់ទៀតថា ទន្ទឹមការរីកចម្រេីន ក៏មានបញ្ហាប្រឈមមួយចំនួនដែលជួបប្រទះ និងត្រូវធ្វើការគិតគូរដោះស្រាយ រួមមានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ តួយ៉ាងទីលានទុកដាក់សំរាម ក៏ដូចជាប្រព័ន្ធ លូ និងការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នេះតែម្តងដូច្នេះហើយបានជាគម្រោងនេះ គឺពិតជាសមស្រម ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការជាក់ស្តែង ដែលវាមិនត្រឹមតែចូលរួមចំណែក ធានាបាននូវការថែរក្សាបរិស្ថានអនាម័យប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពរបស់ប្រជាពលរដ្ឋទៅអនាគតផងដែរ៕គឹមសេង




