គណៈកម្មាធិការអូឡាំពិកប្រទេសកាតា (QOC) បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងចូលរួមក្នុងការពិភាក្សាជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លើដំណើរការបោះឆ្នោតសម្រាប់ទីក្រុងម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ ២០៣៦ ។
ប្រទេសដែលធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ ២០២២ និង Asian Cup 2024 គឺជាប្រទេសចុងក្រោយគេដែលបានចូលរួមក្នុងការដេញថ្លៃដើម្បីរៀបចំការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០៣៦ បន្ទាប់ពីមានការដេញថ្លៃពីប្រទេសឥណ្ឌូនេស៊ី ទួរគី ឥណ្ឌា និងឈីលី។
ប្រទេសអាស៊ីផ្សេងទៀតក៏បានពិចារណាការដេញថ្លៃរួមមាន អារ៉ាប៊ីសាអូឌីត និងកូរ៉េខាងត្បូង ខណៈអេហ្ស៊ីប ហុងគ្រី អ៊ីតាលី អាល្លឺម៉ង់ ដាណឺម៉ាក និងកាណាដា ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ។
លោក Sheikh Joaan bin Hamad Al-Thani ប្រធាន QOC បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកាតាថា “បច្ចុប្បន្នយើងមាន ៩៥ ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធកីឡាដែលត្រូវការសម្រាប់ធ្វើជាម្ចាស់ផ្ទះការប្រកួត ហើយយើងមានផែនការជាតិដ៏ទូលំទូលាយមួយដើម្បីធានាបាននូវការត្រៀមខ្លួន ១០០ ភាគរយសម្រាប់ព្រឹត្តិការណ៍នេះ” ។
រដ្ឋធានី Doha របស់ប្រទេសកាតា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ Asian Games នៅឆ្នាំ ២០៣០ ដោយធ្លាប់បានរៀបចំព្រឹត្តិការណ៍នេះក្នុងឆ្នាំ ២០០៦។
ការដេញថ្លៃដ៏ជោគជ័យមួយនឹងធ្វើឱ្យកាតាក្លាយជាប្រទេសដំបូងគេនៅមជ្ឈិមបូព៌ាដែលធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកចំពេលតំបន់មានការកើនឡើងឥទ្ធិពលលើព្រឹត្តិការណ៍កីឡាសំខាន់ៗ។ អារ៉ាប៊ីសាអូឌីត គ្រោងនឹងរៀបចំការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ ២០៣៤៕
