អគ្គសេនាធិការអ៊ីស្រាអែល លោក Eyal Zamir បានបង្ហាញពីឆន្ទៈក្នុងការឆ្ពោះទៅរកកិច្ចព្រមព្រៀងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស។

យោងតាមប្រភពរបស់ The Wall Street Journal បានឲ្យដឹងថា លោក Zamir ជឿជាក់ថា ប្រតិបត្តិការយោធាបន្ថែមទៀតនឹងគំរាមកំហែងដល់អាយុជីវិតរបស់ចំណាប់ខ្មាំង ដោយមិនអាចជៀសផុត។
ការលើកឡើងរបស់លោក Zamir កើតឡើងស្របពេល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅតែទទូចកម្ទេចក្រុមហាម៉ាសចេញពីអំណាចនៅតំបន់ហ្គាហ្សាស្ទ្រីប ។

កន្លងមក ភាគីទាំងពីរ បានបរាជ័យក្នុងការយល់ព្រមលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងថ្មីមួយ បន្ទាប់ពីការចរចាជាច្រើនជុំដែលសម្របសម្រួលដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយ កាលពីថ្ងៃទី 2 ខែកក្កដាថា អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ។ នៅថ្ងៃទី ៤ ខែកក្កដា ក្រុមហាម៉ាស បានបង្ហាញការឆ្លើយតបវិជ្ជមានចំពោះផែនការនេះទៅអ្នកសម្របសម្រួល ៕

ដោយ៖ ពេជ្រ