អ៊ីស្រាអែល អះអាងពីការវាយប្រហារលើគោលដៅក្រុមហ៊ូធី នៅក្នុងកំពង់ផែចំនួន ៣ របស់យេម៉ែន រួមទាំងកំពង់ផែភាគខាងលិច Hodeidah, Ras Isa និង Saif ។

ការវាយប្រហារនេះ កើតឡើងភ្លាមៗបន្ទាប់ពីយោធាអ៊ីស្រាអែល បានចេញបញ្ជាឲ្យជម្លៀសជនស៊ីវិលនៅក្នុងតំបន់ ដោយព្រមានពីការវាយប្រហារតាមអាកាសដែលនឹងកើតឡើង។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានបញ្ជាក់ នៅលើបណ្តាញសង្គមថា ការវាយប្រហារទៅលើទីតាំងដែលគ្រប់គ្រងដោយក្រុមហ៊ូធី រួមទាំងស្ថានីយ៍ថាមពល និងនាវា ដែលត្រូវក្រុមនេះប្លន់ កាលពី ២ ឆ្នាំមុន។
ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន បានរាយការណ៍ថា មានការវាយប្រហារកំពង់ផែ Hodeidah ប៉ុន្តែមិនមានព័ត៌មានលម្អិតបន្ថែមអំពីការខូចខាត ឬជនរងគ្រោះនោះទេ។
លោក Katz បាននិយាយថា ការវាយប្រហារនេះគឺជាផ្នែកមួយនៃប្រតិបត្តិការដែលហៅថា “Operation Black Flag” ហើយព្រមានថា ក្រុមហ៊ូធី នឹងរងគ្រោះធ្ងន់ធ្ងរ។
លោក ក៏បានបន្ថែមថា ជោគវាសនារបស់យេម៉ែន គឺនឹងមិនខុសគ្នាពីអ៊ីរ៉ង់ទេ។ អ្នកណាដែលព្យាយាមធ្វើបាបអ៊ីស្រាអែល នឹងត្រូវរងគ្រោះថ្នាក់ ហើយអ្នកណាដែលលើកដៃប្រឆាំងនឹងអ៊ីស្រាអែលនឹងត្រូវដាច់ដៃ។
គួរបញ្ជាក់ថា របាយការណ៍ពាក់ព័ន្ធនឹងបញ្ហានេះ នៅមិនទាន់មានបន្ថែមនៅឡើយទេ ៕

ដោយ៖ ពេជ្រ