អាជ្ញាធរក្រុងគៀវ បានព្រមានថា ការផ្អាក ឬកាត់បន្ថយការផ្គត់ផ្គង់សព្វាវុធណាមួយរបស់សហរដ្ឋអាមេរិក នឹងជំរុញឱ្យរុស្ស៊ីអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន កាន់តែយូរ ថែមទាំងខ្លាំងក្លាជាងមុន។

កាលពីថ្ងៃអង្គារ សេតវិមាន បានប្រកាសពីការកាត់ផ្តាច់ ឬផ្អាកការចែកចាយអាវុធមួយចំនួនទៅឲ្យអ៊ុយក្រែន ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បាននិយាយថា ការសម្រេចចិត្តនេះ គឺដោយគិតលើផលប្រយោជន៍របស់អាមេរិកជាមុនសិន និងការថ្លឹងថ្លែងរបស់ក្រសួងការពារជាតិ ជុំវិញជំនួយផ្នែកយោធារបស់សហរដ្ឋអាមេរិកដល់ប្រទេសដទៃទៀត។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែជ្រាបច្បាស់ពីព័ត៌មានលម្អិតទាំងអស់ស្តីពីការផ្គត់ផ្គង់អាវុធនេះ ដូច្នេះ អាចជាកត្តាជំរុញទឹកចិត្តរុស្ស៊ី ឲ្យបន្ថែមការវាយលុកកាន់តែខ្លាំង។
គួរបញ្ជាក់ថា សេតវិមាន កាលពីពេលថ្មីៗនេះ បានប្រកាសពីការកាត់បន្ថយការផ្គត់ផ្គង់អាវុធមួយចំនួនទៅអ៊ុយក្រែន ព្រោះត្រូវបង្វែរទៅឲ្យប្រទេសផ្សេងទៀតដែលកំពុងត្រូវការដូចគ្នា៕

ដោយ៖ ពេជ្រ