វេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ នានាដែលធ្វើសកម្មភាពក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោក​ ម៉ែន​ កល្យាណ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ នានា ដែលធ្វើសកម្មភាពក្នុងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២ខែកក្កដាឆ្នាំ២០២៥នេះ។

កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត,លោក ស្នងការនគរបាលខេត្ត,លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀងលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត,លោកអភិបាលក្រុង ស្រុកទាំង ៨​ លោកអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត,លោក លោកស្រីនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត,​លោកអធិការនគរបាលក្រុង ស្រុកទាំង៨,លោក លោកស្រីមេឃុំ ចៅសង្កាត់ទាំង ៨០​ និងតំណាងអង្គការ​.សមាគម​.សហគមន៍កសិកម្ម​ សរុបប្រមាណ២៦០នាក់។

លោកអភិបាលរងខេត្តបានសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះវត្តមាន លោក លោកស្រី សមាជិកសមាជិកានៃអង្គវេទិកាទាំងមូល ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ និងថ្លែងអំណរគុណចំពោះលោកស្រីប្រធានបណ្តាញអង្គការ សមាគម ដែលបានផ្តល់កិច្ចសហការដ៏ល្អ ក្នុងការរៀបចំវេទិកានេះ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អក្នុងការរួមចំណែកអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋាន។

លោកអភិបាលរងខេត្តបន្តទៀតថា តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤កន្លងមក រាជរដ្ឋាភិបាលសម្រេចបាននូវស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជំរុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកំរិតទាបនៅឆ្នាំ២០១៥ ហើយឈានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកអភិបាលខេត្តបានបន្ថែមទៀតថា អង្គការសង្គមស៊ីវិល ទាំងក្នុងស្រុក និងបរទេស និងសហគមន៍នានា បានដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គម នៅតាមមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល ព្រមទាំងធ្វើសកម្មភាពនៅក្នុងវិស័យសំខាន់ៗផងដែរ ក្នុងការតស៊ូមតិឱ្យមានកំណែទម្រង់ជាតិ ដើម្បីលើកកម្ពស់សុខភាព ការអប់រំ និងវិស័យផ្សេងៗទៀត អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ច្បាប់ សេវាសង្គម បរិស្ថាន សុខុមាលភាពស្ត្រី និងកុមារ ។ ទន្ទឹមនេះ ដោយមើលឃើញពីតួអង្គសំខាន់ៗមិនអាចខ្វះបាន ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំលេខ ០៤០សណន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងសហគមន៍នានា ដែលធ្វើសកម្មភាពនៅតាមមូលដ្ឋាន ហើយថ្មីៗនេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ពង្រឹង និងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបាន ២ដង រៀងរាល់ឆ្នាំ ដើម្បីជួបជុំគ្នា ពិភាក្សា វាយតម្លៃអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈមទាំងឡាយ ដែលកើតមានក្នុងអំឡុងពេលអនុវត្តសកម្មភាព និងសំណូមពរ ដើម្បីពិនិត្យ និងស្វែងរកនូវដំណោះស្រាយរួមមួយ ដែលអាចទទួលយកបាន ឈានទៅរកការកែតម្រូវ ក្នុងគោលបំណងអភិវឌ្ឍន៍មូលដ្ឋាន សហគមន៍ទាំងអស់គ្នា និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យមានភាពល្អប្រសើរ៕គឹមសេង

Written by 

Related posts

Leave a Comment