អាជ្ញាធរអ៊ីរ៉ង់ បានចាប់ផ្តើមជម្លៀសអ្នកការទូត និងមន្ត្រីយោធាមួយចំនួនចេញពីប្រទេសស៊ីរី ខណទទួលដំណឹងថាក្រុមឧទ្ទាម កំពុងមានប្រៀបលើរដ្ឋាភិបាល។
យោងតាមកាសែត New York Times បានឲ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវជម្លៀសទៅកាន់ប្រទេសជិតខាងអ៊ីរ៉ាក់ និងលីបង់ គឺមានមេបញ្ជាការកំពូលនៃកងកម្លាំង Quds ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ ដែលជាសមាជិកខាងក្រៅនៃកងឆ្មាំបដិវត្តន៍ ។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយ កាលពីដើមខែនេះថា ទីប្រឹក្សាយោធា នឹងបន្តនៅក្នុងប្រទេសស៊ីរី ដោយជួយក្រុង Damascus ចំពោះការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ។
ប្រភព បានបញ្ជាក់ថា បុគ្គលិកឆ្មាំ បុគ្គលិកការទូតអ៊ីរ៉ង់មួយចំនួន គ្រួសាររបស់ពួកគេ និងជនស៊ីវិលអ៊ីរ៉ង់ កំពុងជម្លៀសចេញពីស៊ីរី។
ក្រុមមន្ត្រី បានអះអាងថា ផ្នែកមួយនៃការជម្លៀសកំពុងអនុវត្តដោយយន្តហោះទៅកាន់ទីក្រុង Tehran ខណពេលដែលអ្នកផ្សេងទៀតកំពុងចាកចេញតាមរយៈផ្លូវគោកទៅកាន់ប្រទេសលីបង់ អ៊ីរ៉ាក់ និងកំពង់ផែ Latakia ប្រទេសស៊ីរី ។
គួរបញ្ជាក់ថា អង្គភាពនៃក្រុមជ្រុលនិយម Jabhat al-Nusra (នៅក្រៅច្បាប់ក្នុងប្រទេសរុស្ស៊ី) បានធ្វើការវាយប្រហារទ្រង់ទ្រាយធំលើអភិបាលភាគខាងជើងនៃប្រទេសស៊ីរី នៅព្រឹកព្រលឹមថ្ងៃទី ២៧ ខែវិច្ឆិកា ។ យោងតាមបញ្ជាការកងទ័ពស៊ីរី ពួកភេរវករ បានព្យាយាមដណ្តើមយកសង្កាត់ និងកន្លែងយោធាជាច្រើន ដោយវាយប្រហារទីតាំងរបស់កងកម្លាំងរដ្ឋាភិបាល៕
ដោយ៖ ពេជ្រ