ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ គឺជាថ្ងៃប្រារព្ធខួប ៧៤ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ ដែលថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខេត្តក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេសតែងតែប្រារព្ធជារៀងរាល់ឆ្នាំ។ ពិធីនេះក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល សមាជិកគណៈកម្មការធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមពីសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ចំនួន៨៩៥នាក់។

ឯកឧត្តម ម៉ែន វិបុល ប្រធានគណបក្ស និងឯកឧត្តម ប៉េង ពោធិ៍សា អនុប្រធានគណបក្សខេត្ត បានបញ្ជាក់ក្នុងអង្គពិធីថា គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួន គឺកៀរគរប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា ឬអតីតកាលអ្វីឡើយ ដើម្បីរួមកម្លាំងគ្នា រំដោះប្រជាជន និងប្រទេសជាតិ ឱ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ពិសេសការពារសមិទ្ធផលសង្គមជាតិ កសាង អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចម្រើនរុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តទៅ។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលបានដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើន រហូតសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែងតាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញបរិបូរណ៍ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ លើសពីនេះទៅទៀត គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលមានទាំងលទ្ធភាព សមត្ថភាព បទពិសោធ និងភាពចាស់ទុំខាងនយោបាយ បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យឆ្ពោះទៅកាន់ភាពសម្បូររុងរឿងថ្កុំថ្កើងដ៏ពិតប្រាកដ ស្របតាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា គ្រប់រូប។

ប្រជាពលរដ្ឋម្នាក់បាននិយាយថា ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប ដឹងគុណ និងចងចាំជានិច្ចចំពោះគុណូបការៈដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសជាតិមាតុភូមិ និងការដឹកនាំ កសាង ព្រមទាំងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ពិសេសការនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ ជូនជាតិមាតុភូមិនៃយើង។ ឯកឧត្តមគណៈអធិបតី បានផ្តាំផ្ញើដល់សមាជិកបក្សទាំងអស់ ត្រូវចូលរួមបំផុសស្មារតីស្នេហាជាតិដល់ប្រជាជនគ្រប់ទិសទីដើម្បីការពារបូរណភាពទឹកដីកុំឲ្យសត្រូវថៃឈ្លានពាន រំលោភយកដែនដីខ្មែរបានជាដាច់ខាត។
ក្នុងឱកាសនោះដែរគណៈអធិបតីបានចែកអំណោយដល់និវត្តន៍ជន ចំនួន២០នាក់ ដែលម្នាក់ៗទទួល បានអង្ករ មី ទឹកស៊ីអ៊ីវ ឃីត១កញ្ចប់ ថវិកាមួយចំនួនផងដេរ៕គឹមសេង







