បាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅរដ្ឋធានីបាងកករបស់ប្រទេសថៃ នៅថ្ងៃសៅរ៍នេះ ទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ចុះចេញពីតំណែង ខណដែលរដ្ឋាភិបាលរបស់លោកស្រី ប្រឈមមុខនឹងការកើនឡើងនៃការមិនពេញចិត្ត ជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា។

ការប្រមូលផ្តុំគ្នាដែលជាការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុត ចាប់តាំងពីគណបក្សភឿថៃ ឡើងកាន់អំណាចក្នុងឆ្នាំ ២០២៣ នេះគឺ បង្កើនសម្ពាធលើលោកស្រី Paetongtarn ដែលកំពុងស្តារសេដ្ឋកិច្ចធ្លាក់ចុះ និងរក្សារដ្ឋាភិបាលដ៏ផុយស្រួយរបស់លោកស្រី។
ក្រុមបាតុករ បានប្រមូលផ្ដុំគ្នានៅក្បែរវិមានជ័យជម្នះ ដែលភាគច្រើនជាសកម្មជនជាតិនិយម ធ្លាប់ប្រឆាំងនឹងរដ្ឋាភិបាលផ្សេងទៀតដែលគាំទ្រដោយត្រកូល Shinawatra ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។

ការតវ៉ា កន្លងមកមិននាំឱ្យមានការដួលរលំរដ្ឋាភិបាលដោយផ្ទាល់នោះទេ ប៉ុន្តែជាការបង្កើនសម្ពាធដែលនាំទៅដល់ការអន្តរាគមន៍ផ្នែកតុលាការ និងរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦ និង ២០១៤ ។
ភាពចលាចលនយោបាយក្នុងប្រទេសថៃ កំពុងគំរាមកំហែងបន្ថែមទៀតដល់ការស្តារសេដ្ឋកិច្ចដែលកំពុងជួបការលំបាករបស់ប្រទេសនេះ។
នាយករដ្ឋមន្ត្រីថៃរូបនេះ បច្ចុប្បន្ន កំពុងគ្រប់គ្រងរដ្ឋាភិបាលចម្រុះដ៏ទន់ខ្សោយ បន្ទាប់ពីការចាកចេញរបស់អតីតដៃគូគណបក្ស Bhumjaithai ដែលអាចប្រឈមមុខនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅពេលដែលសភា បើកប្រជុំនៅសប្តាហ៍ក្រោយ ៕

ដោយ៖ ពេជ្រ