ខេត្តរតនគិរី÷ “ វិស័យទេសចរណ៍មានលក្ខណៈជាប្រព័ន្ធគឺអាទិភាពមួយត្រូវបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ”នេះគឺជាការលើកឡើងរបស់ លោក ម៉ែន ភារម្យ អគ្គនាយករង អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តង់ដារអេកូទេសចរណ៍អាស៊ាន និងពិគ្រោះយោបល់លើសេចក្តីព្រាងស្តង់ដារ អេកូទេសចរណ៍កម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅមន្ទីរទេសចរណ៍ខេត្តរតនគិរី។

លោក ម៉ែន ភារម្យ បានវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងក្រុមការងារទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ដោយបានផ្តល់កិច្ចសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ដែលបានរៀបចំសិក្ខាសាលាស្តីពី សេចក្តីព្រាងស្តង់ដារអេកូទេសចរណ៍កម្ពុជា ស្របតាមសភាពការណ៍នៃវិវត្តរបស់វិស័យទេសចរណ៍តំបន់និងកម្ពុជា រហូតបានមកដល់ការរៀបចំនូវសេចក្តីព្រាងស្តង់ដារអេកូទេសចរណ៍កម្ពុជា ដែលកំពុងរៀបចំនាឱកាសនេះ។ និងសង្ឃឹមយ៉ាងមុតមាំថា អស់លោក លោកស្រី និងជ្រាបកាន់តែច្បាស់អំពីសារៈសំខាន់នៃស្តង់ដារអេកូទេសចរណ៍សម្រាប់រដ្ឋបាលរាជធានី,ខេត្តដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ និងមន្ទីរជំនាញពាក់ព័ន្ធនិងរួមគ្នាបន្តអនុវត្ត។ លោក ម៉ែន ភារម្យ បានគាំទ្រផងដែរ ចំពោះយន្តការស្តង់ដាអេកូទេសចរណ៍តាមរយៈការរៀបចំស្តង់ដានេះបានឆ្លុះបញ្ចាំងពីបុរេសកម្មរបស់រដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតឡើងអំឡុងពេលអនុវត្តនិងផែនការបន្ទាប់ទៀត៕



