ខេត្តរតនគិរី÷ ប្រជាកសិករ១គ្រួសារបង្កើតមុខរបរដាំដំណាំបន្លែធម្មជាតិចម្រុះបន្ថែមនិងមុខរបរមួយទៀត។ ដោយធ្វើរោងដាក់ថ្នាលបណ្ដុះក្នុងបំពង់ជ័រតាមរុននិមួយៗហើយបង្ហូរទឹកចូល អាចរកចំណូលបានត្រឹមពី១លាន៩សែន៦ម៉ឺនរៀល ក្នុងរយៈពេលតែ១ខែទៅ២ខែប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារមួយកំរិតទៀត។ នេះបើតាមការលើកឡើងពីលោកស្រី អ៊ុ សុកញ្ញារី អាយុ២៨ឆ្នាំ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

លោកស្រី អ៊ុ សុកញ្ញារី បានឲ្យដឹងទៀតថា បង្កើតមុខរបរនេះជិត២ឆ្នាំហើយ ដោយប្រើវិធីដាំដុះយកកូនសាឡាត់ទៅបណ្តុះរយ:ពេល១៥ថ្ងៃឲ្យវាធំសិន រួចហើយយកមកដាក់នៅថ្នាលបំពងជ័របន្តទៀតចំនួន៣០ថ្ងៃដល់ធំ បានចាប់ផ្តើមប្រមូលផលបន្លែសាឡាត់ទៅលក់ឲ្យអាជីវករក្នុងផ្សារបានលុងតែប៉ុណ្ណោះ។
លោកស្រីថា បន្លែខាត់ណាដាំរយៈពេលតែ២ខែទើបអាចបានប្រមូលផល ដោយឡែកបន្លែខែលក៏បានប្រមូលផលក្នុងរយ:ពេល៣០ថ្ងៃប៉ុណ្ណោះ។ ក្នុងនោះបន្លែសាឡាត់ក្នុងរយ:ពេល៤៥ថ្ងៃ ទើបអាចប្រមូលផលបានចំនួន១២០គីឡូក្រាម ក្នុង១គីឡូក្រាម តម្លៃ ៨ពាន់រៀល ស្មើនិង៩សែន៦ម៉ឺនរៀល។ បន្លែខាត់ណា ប្រមូលផលបាន៨០គីឡូក្រាម ស្មើនិង៨សែនរៀល។ហើយបន្លែខែលក៏បានប្រមូលផលចំនួន២០ម៉ឺនរៀលផងដែរ ក្នុងបន្លែទាំងបីមុខនោះ លក់បានចំនួន១លាន៩សែន៦ម៉ឺនរៀល។
ហើយបន្លែធម្មជាតិដាំខ្លួនឯងនៅក្នុងស្រុកយើងហូបទៅមិនប៉ះពាល់សុខភាពល្អ អត់មានឈឺក្រពះ អត់មានរាករូសនិងជំងឺអ្វីនោះទេ ដូចពីមុនយើងហូបបន្លែគេគឺខុសរាករូស ហើយយើងមានបន្លែធម្មជាតិដាំនៅក្នុងស្រុកខ្លួនឯង អត់មានជួបបញ្ហាអ្វីច្រើនទេ ជួយទាំងប្រាក់ចំណូលយើងជួយទាំងសុខភាពយើងព្រោះបន្លែយើងដាំផ្ទាល់ដៃយើងខ្លួនឯង៕




