​ក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី២ នៅពាក់កណ្តាលខែកញ្ញាខាងមុខ

តាមការគ្រោងទុកក្រសួងពាណិជ្ជកម្មនឹងធ្វើការរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី២ នៅថ្ងៃទី១២ និង១៣ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី២នេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៥នេះ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ជា រដ្ឋា រដ្ឋលេ​ខាធិការក្រសួងពាណិជ្ជកម្ម ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី២ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

លោកជំទាវរដ្ឋលេខាធិការបានបន្តថា នេះគឺជាព្រឹត្តិការណ៍លើកទី២ ដោយព្រឹត្តិការណ៍លើកទី១ ធ្វើឡើងកាលពីឆ្នាំ២០២៤ ដែលវាជាវេទិកាអមមួយជាមួយនឹងពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២៤ និងបាន គូសបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុម ហ៊ុនជាតិ និងអន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់កម្ពុជា។ លោកជំទាវ ជា រដ្ឋា បាន បន្ថែមថា កាលពីមុនកម្ពុជាពុំទាន់មានច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិចនេះទេ ហើយការជឿទុចិត្តលើប្រតិបត្តិការតាមអនឡាញគឺមានចំនួនតិចតួចបំផុត តែវាជាជំហានដ៏ល្អបំផុតដែលយើងបានចាប់ផ្តើមដោយនៅក្នុងឆ្នាំ២០១៩ កម្ពុជាបានអនុម័តច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិច និងច្បាប់ពីការការពារសិទ្ធិអ្នកប្រើប្រាស់។ នៅឆ្នាំ២០២០ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រពាណិជ្ចកម្មអេឡិចត្រូនិចជាលើកដំបូងដោយផ្តោតលើអាជីវកម្មធុនតូច និងមធ្យម (SME) ការចូលទៅកាន់ទីផ្សារបរទេស និងការការពារអ្នកប្រើប្រាស់។

លោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់ថា កម្ពុជាកំពុងតែរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថល ២០២៥-២០៣០ ដែលជាជំនួយគោលនយោបាយដ៏សំខាន់របស់​សសរ​ស្តម្ភទី៤ នៃពាណិជ្ជកម្មឌីជីថល និងសេចក្តីព្រាងក្របខណ្ឌគោលនយោបាយពាណិជ្ជកម្ពុជា ២០៣០ ដែលយុទ្ធ សាសាស្ត្រថ្មីនេះគឺ ១.ផ្តោតលើប្រព័ន្ធច្បាប់ស្តីពីការគ្រប់គ្រងដែលមានគោលដៅគាំទ្រដល់ពាណិជ្ជកម្មឌីជីថល និងការពារសិទ្ធិនៃទិន្នន័យឱ្យប្រកបដោយភាពស្របច្បាប់តាមស្ដង់ដាអន្តរជាតិ ២.ភ្ជាប់កម្ពុជាជាផ្នែកនៃសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន និងពិភពលោក ដោយសម្របច្បាប់ក្នុងស្រុកឱ្យស្របទៅតាម ស្ដង់ដាអន្តរជាតិ និងការបង្កើនសមត្ថភាពក្នុងការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថល ៣.ពង្រឹង ប្រព័ន្ធហិរញ្ញវត្ថុឌីជីថលដើម្បីឱ្យមានការផ្តល់សេវាហិរញ្ញវត្ថុមានភាពងាយស្រួល មានសុវត្ថិភាព និងអាចភ្ជាប់បានក្នុងការជំរុញពាណិជ្ជកម្មឌីជីថលឆ្លងដែន ៤.ទំនើបកម្មក្នុងការតភ្ជាប់បណ្តាញដឹកជញ្ជូន និងឡូជីស្ទិក ដោយប្រើបច្ចេកវិទ្យាឌីជីថលដើម្បីកាត់បន្ថយចំណាយ បង្កើនសមត្ថភាព ប្រសិទ្ធភាព និង ធ្វើការដឹកជញ្ជូនឆ្លងដែនដោយមានតម្លាភាព និងបើកចំហ ៥.ជួយបង្កើនសមត្ថភាពអាជីវកម្មតូច និង មធ្យមតាមរយៈវេទិកាទីផ្សារឌីជីថល និង ៦.បង្កើតបរិយាកាសល្អសម្រាប់ធុរកិច្ចថ្មី និងពង្រឹងច្បាប់ ឬការកែសម្រួលការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងជំរុញការច្នៃប្រឌិតដើម្បីកំណើនសេដ្ឋកិច្ចក្នុងវិស័យ ពាណិជ្ជកម្មឌីថល៕

Written by 

Related posts

Leave a Comment