មន្ទីរព័ត៌មានខេត្តតាកែវ បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយប្រឆាំង នឹងព័ត៌មានក្លែងក្លាយ-បាន៦ស្រុក ក្រុងហើយ

តាកែវ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មន្ទីរព័ត៌មានខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានធ្វើការដង្ហែរក្បួនយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេចំពោះ-ព័ត៌មានក្លែងក្លាយ-Say No to Fake News» ដោយរៀបចំធ្វើនៅ វិទ្យាល័យសុខអានព្រៃសណ្ដែក និងនៅតាមបណ្ដារ ផ្សារ មួយចំនួនក្នុងស្រុកទ្រាំង ព្រមទាំងមានការដង្ហែរក្បួនតាមដងផ្លូវផងដែរ។

លោក អៀម ថៃ ប្រធានមន្ទីរ និង លោក ពៅ សុខន អនុប្រធានមន្ទីរ ព័ត៌មានខេត្តតាកែវ បានឱ្យដឹងថា ការធ្វើយុទ្ធនាការ នេះ គឺដើម្បីអប់រំដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអាជីវករឱ្យយល់ដឹងពីព័ត៌មាន ណាពិតនិងព័ត៌មាន ណាជា ព័ត៌មានក្លែងក្លាយ ហើយយើងសង្ឃឹមថា យុទ្ធនាការនេះនឹងបន្តពង្រឹងភាពស៊ាំ របស់ប្រជាពលរដ្ឋប្រឆាំង នឹងព័ត៌មាន ក្លែងក្លាយ និងរួមចំណែកកសាងសង្គមមួយដែលពោរពេញដោយព័ត៌មានត្រឹមត្រូវ និងមានទំនួលខុសត្រូវ”។

លោក អៀម ថៃ  ប្រធានមន្ទីរព៏ត៌មានខេត្តបានបន្ថែមថា យុទ្ធនាការនេះ ធ្វើឡើងមានគោលបំណង បង្កើនការយល់ដឹងដល់សិក្សានុសិស្ស ប្រជាពលរដ្ឋ និងក្រុមអាជីវករ ឲ្យយល់ដឹងពីផលប៉ះពាល់អវិជ្ជមានរបស់ព័ត៌មានក្លែងក្លាយ និងមធ្យោបាយក្នុងការ ការពារខ្លួនពីព័ត៌មានក្លែងក្លាយទាំងនោះ និងធ្វើឱ្យពួកគាត់ចេះថ្លឹងថ្លែង វិភាគ និងវាយតម្លៃព័ត៌មាន មុននឹងជឿ ឬចែករំលែក ជាពិសេសការផ្ទៀងផ្ទាត់ប្រភព និងភាពត្រឹមត្រូវនៃព័ត៌មាន និង ជំរុញឱ្យសិស្សានុសិស្ស និងអាជីវករ ក្លាយជាអ្នកប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងចូលរួមចំណែក ក្នុងការទប់ស្កាត់ ការរីករាលដាលនៃ ព័ត៌មានក្លែងក្លាយ។     លោកប្រធានមន្ទីរបានបន្តទៀតថារហូតមកដល់ថ្ងៃនេះខាងមន្ទីរបានបើកយុទ្ធនាការធ្វើពិធីប្រឆាំងនឹងព័ត៌មានក្លែងក្លាយបាន 6 ស្រុកនិងក្រុងហើយៗនៅសល់ 4 ស្រុកទៀតយើងនឹងធ្វើយុទ្ធនាការរហូតដល់គ្រប់ស្រុក ទាំងទាំង 10 របស់ខេត្តតាកែវ។

លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានឱ្យដឹងថា ការចុះមកផ្សព្វផ្សាយដល់ប្អូនៗសិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានឲ្យយល់ដឹងពីព័ត៌មានក្លែងក្លាយ នៅពេលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមគ្នា ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសង្គមបច្ចុប្បន្ន។

លោកអភិបាលស្រុក បានបន្តទៀតថា ព័ត៌មានក្លែងក្លាយ អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម ស្ថិរភាព នយោបាយ និងការអភិវឌ្ឍប្រទេសជាតិ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី ត្រូវតែមាន ការយល់ដឹងស៊ីជម្រៅអំពីរបៀបសម្គាល់ និងផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានច្បាស់លាស់ មុននឹងជឿ ឬចែករំលែកបន្ត៕តាកែវ

Written by 

Related posts

Leave a Comment