ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) បន្តគាំទ្រក្រសួងទេសចរណ៍ តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa)

បាត់ដំបង៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហួត ហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា រួមជាមួយ ឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង និងលោក រស់ វ៉ា តំណាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) បានអញ្ជើញជាធិបតីក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ ឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៅខេត្តបាត់ដំបង ដោយមានការចូលរួមពីតំណាងអង្គការស្វីសខន់ថាក់ ទីភ្នាក់ងារអភិវឌ្ឍន៍ Liechtenstein ទីប្រឹក្សានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក លោកស្រី តំណាងសមាគមឧស្សាហកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធចំនួន៦០រូប។

កិច្ចប្រជុំនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលការងារសំខាន់ៗ របស់លេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងទាំង១២ដែលបានអនុវត្តប្រចាំឆ្នាំ២០២៤ និងឆមាសទី១ ឆ្នាំ២០២៥ ព្រមទាំងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងការបណ្តុះបណ្តាល ហូកា ក៏ដូចជាការដាក់ទិសដៅការងារបន្តរបស់លេខាធិការដ្ឋាន និងមន្ទីរទេសចរណ៍ នៃខេត្តគោលដៅគម្រោង សម្រាប់អនុវត្តការងារនៅឆមាសទី២ ឆ្នាំ២០២៥ ផងដែរ។  កិច្ចប្រជុំក៏បានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា រវាងខេត្តក្នុងគោលដៅគម្រោង ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមឧស្សាហកម្មទេសចរណ៍ និងកំណត់ទិសដៅការងារបន្តរួមគ្នាដើម្បីជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ទីភ្នាក់ងារអភិវឌ្ឍន៍ Liechtenstein និងអង្គការស្វីសខន់ថាក់ ដែលបានបន្តការគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដោយកម្មវិធីនេះបានចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងផែនទីបង្ហាញផ្លូវការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ឆ្នាំ២០២៤-២០២៨ ផងដែរ។ តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដំណាក់កាលទី១ និងទី២ ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយអង្គការស្វីសខន់ថាក់ និងភាគីពាក់ព័ន្ធ ក្រសួងទេសចរណ៍បានបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ អ្នកជំនាញកម្រិតទាប ម្ចាស់អាជីកម្ម អ្នកគ្រប់គ្រងសេវាកម្មទេសចរណ៍ គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលសរុបប្រមាណជាង ៧ពាន់នាក់ និងបានជំរុញលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ជាអាជីពប្រចាំជីវិតដល់យុវជនបានយ៉ាងល្អប្រសើរ។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន ឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយថែមទៀត ស្របតាមពាក្យស្លោក “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ពាក្យស្លោក “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ដែលដាក់ចេញដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង “ បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ដែលដាក់ចេញដោយ មហាគ្រួសារក្រសួងទេសចរណ៍ និងសសរស្តម្ភចំនួនប្រាំមួយ ដែលជាគន្លឹះដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ទេសចរណ៍កម្ពុជាកាន់តែល្បីល្បាញ ក្នុងនោះដោយមានកិច្ចសហប្រតិបត្តិការរួមមាន៖ (១) ក្រសួង-អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ (២)  ថ្នាក់ក្រោមជាតិ (រដ្ឋបាលរាជធានី/ខេត្ត) និងគ្រប់ភាគីពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសមន្ទីរទេសចរណ៍រាជធានី/ខេត្ត (៣)វិស័យឯកជនក្នុងវិស័យទេសចរណ៍ (៤) អន្តរជាតិ (ស្ថានឯកអគ្គរដ្ឋទូតទាំងក្នុងប្រទេស និងក្រៅប្រទេស) អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍនានា (៥) សារព័ត៌មាន និងInfluencer ដែលជាចលករដ៏សំខាន់សម្រាប់ការជួយផ្សព្វផ្សាយ និងនាំទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកតាមរយៈបណ្តាញសង្គម និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងៗ និង (៦) បុគ្គលម្នាក់ ផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់។

Written by 

Related posts

Leave a Comment