កម្ពុជា ត្រៀមបញ្ជូនអត្តពលិក១៩រូប ចូលរួមការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានត្រៀមបញ្ជូនប្រតិភូ និងអត្តពលិកជាង ២០នាក់ ចូលរួមការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៤ (The 5th AVF Asian Vovinam Championship 2024) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៦-២២ ខែធ្នូខាងមុខ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធ បានឲ្យដឹងថា ក្រៅពីប្រតិភូ និងគ្រូបង្វឹក សហព័ន្ធបានត្រៀមកីឡាករ-កីឡាការិនី ១៩រូប ដើម្បីចូលរួមការប្រកួតជើងឯកអាស៊ីលើកនេះ ហើយភាគច្រើនជាយុវជនវ័យក្មេង ដែលមិនសូវមានបទពិសោធន៍ចូលរួមប្រកួតអន្ដរជាតិ តែពួកគេក៏ធ្លាប់បានប្រកួត និងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាដែរ ។

 ​លោកថា ការបញ្ជូនយុវជនវ័យក្មេងទៅចូលរួមព្រឹត្តិការណ៍នេះគឺស្របតាមគោលការណ៍របស់សហព័ន្ធ ក្នុងការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្ដរភាព ដែលសហព័ន្ធត្រូវហ៊ានក្នុងការផ្លាស់ប្ដូរអត្តពលិកថ្មី ជំនួសរាមច្បងដែលមានវ័យច្រើន និងមានការធ្លាក់ចុះនូវសិទ្ធផល ។ ទោះបីមានការលំបាកក្នុងការសម្រេចចិត្ត តែសហព័ន្ធត្រូវតែធ្វើ ដើម្បីចម្រាញ់បាននូវអត្តពលិកបន្ដវេនល្អៗ សម្រាប់ចូលរួមរាល់ការប្រកួតអន្ដរជាតិផ្សេងៗ ។

​សូររំឮកថា កាលពីឆ្នាំ២០១៨ ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៤ នៅកោះបាលីដូចគ្នា ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ១៧ប្រទេស ក្រោយដណ្ដើមបានមេដាយសរុប ៣៦គ្រឿង (មាស ១១ ប្រាក់ ១១ និងសំរឹទ្ធ ១៤) ។ សម្រាប់ការប្រកួតឆ្នាំនេះ គ្រោងនឹងមានអត្តពលិកប្រមាណ ១៨ប្រទេសចូលរួម ក្នុងនោះក៏មានកម្ពុជាផងដែរ៕

Written by 

Related posts

Leave a Comment