នាយករដ្ឋមន្ត្រីនៃប្រទេសកាតាបានថ្លែងកាលពីថ្ងៃពុធថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ចង់បានបទឈប់បាញ់មួយនៅក្នុង Gaza មុនការសម្ពោធរបស់លោកនាពេលខាងមុខនៅថ្ងៃទី ២០ខែមករា ឆ្នាំ២០២៥។
នៅក្នុងបទសម្ភាសន៍ជាមួយ Sky News លោក Mohammed bin Abdulrahman bin Jassim al-Thani បានអះអាងថា លោក Trump បានបញ្ជាក់យ៉ាងច្បាស់ពីចេតនារបស់គាត់ក្នុងការមើលឃើញសង្រ្គាមរបស់អ៊ីស្រាអែលនៅក្នុងក្របខណ្ឌប៉ាឡេស្ទីនត្រូវបានដោះស្រាយមុនពេលស្បថចូលកាន់តំណែង។ លោក al-Thani បានបញ្ជាក់យ៉ាងដូច្នេះថា “លោក Teump បានបញ្ជាក់យ៉ាងច្បាស់ ថាលោកចង់ឲ្យវាបញ្ចប់មុនពេលលោកចូលកាន់តំណែង។
ក្នុងនាមជាឥស្សរជនសំខាន់ក្នុងការចរចាសន្តិភាពនៅហ្គាហ្សា នាយករដ្ឋមន្ត្រីកាតាបានថ្លែងថា លោកមិនចង់ចែករំលែកព័ត៌មានលម្អិតច្រើនជាងនេះទេ ដើម្បីការពារដំណើរការនេះឱ្យបានច្រើននិងរលូនតាមដែលអាចធ្វើទៅបាន។ លោកថា យើងកំពុងព្យាយាមអស់ពីសមត្ថភាពរបស់យើង។ លោកបានបន្ថែមថា យើងទាំងអស់គ្នា យើងយល់ស្រប ហើយយើងសង្ឃឹមថានឹងអាចគ្រប់គ្រងស្ថានការណ៍បាន មុនពេលប្រធានាធិបតី (Trump) មកកាន់ការិយាល័យ ព្រោះយើងមានអាទិភាពក្នុងការធ្វើឱ្យស្ថានការណ៍មានស្ថិរភាព។ យើងមានអាទិភាពក្នុងការស្តារសន្តិសុខក្នុងតំបន់ឡើងវិញ។
កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដែលដឹកនាំដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដើម្បីសម្រេចបានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបរាជ័យជុំវិញការបដិសេធរបស់លោក Netanyahu ក្នុងការបញ្ឈប់សង្រ្គាម។
អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមប្រល័យពូជសាសន៍នៅលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីខែតុលាឆ្នាំមុន ដោយបានសម្លាប់មនុស្សជាង 44,530 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ និងជាង 105,500 នាក់រងរបួស។ ឆ្នាំទីពីរនៃអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សាបានទាក់ទាញការថ្កោលទោសអន្តរជាតិកាន់តែខ្លាំងឡើង ដោយមន្ត្រី និងស្ថាប័ននានាបានដាក់ស្លាកការវាយប្រហារ និងការទប់ស្កាត់ការផ្តល់ជំនួយថាជាការប៉ុនប៉ងដោយចេតនាដើម្បីបំផ្លាញប្រជាជន។
កាលពីថ្ងៃទី 21 ខែវិច្ឆិកា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ Gaza ។ អ៊ីស្រាអែលក៏ប្រឈមនឹងសំណុំរឿងប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិសម្រាប់សង្គ្រាមដ៏សាហាវរបស់ខ្លួននៅតំបន់ហ្គាហ្សា។
ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ជាប្រធានាធិបតី មុនពេលដែលលោកត្រូវបានស្នងតំណែងពីប្រធានាធិបតីបច្ចុប្បន្នលោក Joe Biden លោក Trump បានចាត់វិធានការដូចជាការផ្លាស់ប្តូរស្ថានទូតអាមេរិកនៅអ៊ីស្រាអែលទៅកាន់ទីក្រុងហ្សេរុយសាឡឹម ដោយបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនខឹងសម្បារដែលមើលឃើញក្រុងហ្សេរុយសាឡឹមខាងកើតកាន់កាប់ជារដ្ឋធានីនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត៕
ដោយ៖ ពេជ្រ