លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន ២ចំណុច សម្រាប់លីគកំពូលកម្ពុជា ដែលត្រូវពង្រឹង និងជំរុញការអភិវឌ្ឍបន្ថែម ដើម្បីឆ្លើយតបការខិតខំប្រឹងប្រែងរបស់ក្លិប ក៏ដូចជាឈានទៅការប្រកួតប្រជែងលើឆាកអន្ដរជាតិ។
ទស្សនៈផ្ទាល់ខ្លួន ២ចំណុចរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ រួមមាន៖
ទី១-មន្ដ្រីអាជ្ញាកណ្ដាល គួរតែរីកចម្រើនជាងហ្នឹង ព្រោះក្លិបសុទ្ធតែមានការប្រកួតប្រជែងខ្ពស់ ។ អ៊ីចឹងផ្នែកអាជ្ញាកណ្ដាល គួរតែរកវិធីសាស្ដ្រ និងចំណាយធនធានមួយចំនួន ដើម្បីស្វែងរករបៀប ឬវិធីសាស្ដ្រណាមួយ ក្នុងការជួយអាជ្ញាកណ្ដាលឲ្យគាត់មានការអភិវឌ្ឍបន្ថែម ក៏ដូចជាអាចប្រើប្រាស់ឧបករណ៍ ដូចជាវិដេអូ ឬអ្វីផ្សេងៗ ដើម្បីជួយពួកគាត់បន្ថែម។
ទី២-ភាពខុសគ្នា រវាងក្រុមស្ថិតនៅតំបន់កំពូល និងក្រុមនៅតំបន់ខាងក្រោម មានន័យថា ពាក់ព័ន្ធនឹងគុណភាព រៀងខុសគ្នាឆ្ងាយពេក រវាងក្រុមស្ថិតនៅតំបន់កំពូល និងប៉ុន្មានក្រុមខាងក្រោម ។ អ៊ីចឹងបើគាត់មានធនធាន ឬអាចអភិវឌ្ឍន៍ នៅផ្នែកណាមួយ ក៏ដូចជាទីលាន ការបណ្ដុះបណ្ដាលគុណភាពកីឡាករបន្ថែម ទាំងអស់នោះ ដើម្បីបង្កើនគុណភាព និងកាត់បន្ថយគម្លាតរវាងក្រុមនៅតំបន់ខាងលើ និងក្រុមនៅតំបន់ខាងក្រោម ឲ្យប្រកៀកប្រកិតគ្នា»៕
