ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានព្រមានកំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ថា ប្រទេសនេះអាចក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក ប្រសិនបើបរាជ័យក្នុងការដោះស្រាយបញ្ហាការធ្វើចំណាកស្រុកខុសច្បាប់ និងការជួញដូរគ្រឿងញៀន។ សារព័ត៌មាន Fox News បានរាយការណ៍។
យោងតាមប៉ុស្តិ៍ទូរទស្សន៍ក្នុងអំឡុងពេលកិច្ចពិភាក្សាដែលបានធ្វើឡើង កាលពីសប្តាហ៍មុន នៅឯលំនៅដ្ឋាន Mar-a-Lago របស់ប្រធានាធិបតីជាប់ឆ្នោត លោក Trump បានប្រាប់លោក Trudeau ថា នៅថ្ងៃលោកឡើងកាន់អំណាចពេញលេញ លោក នឹងដាក់ពន្ធ ២៥ ភាគរយ លើជនជាតិកាណាដាទាំងអស់ រួមទាំងការនាំចេញ ប្រសិនបើក្រុង Ottawa បរាជ័យក្នុងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ឆ្លងព្រំដែនកាណាដាចូលក្នុងទឹកដីអាមេរិក និងកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដែលមានជិត ១០០ ពាន់លានដុល្លាររួចទៅហើយ។
ផ្ទុយទៅវិញ លោក Trudeau បានប្រាប់ប្រធានាធិបតីអាមេរិកនាពេលអនាគតថា វិធានការបែបនេះនឹងសម្លាប់សេដ្ឋកិច្ចកាណាដា។
យោងតាមសារព័ត៌មាន Fox News ការអត្ថាធិប្បាយនេះ បានជំរុញឱ្យគណៈប្រតិភូកាណាដា រួមទាំងនាយករដ្ឋមន្ត្រីសើចទាំងភ័យ ។
ទន្ទឹមនោះ អ្នកចូលរួមកិច្ចប្រជុំម្នាក់ បាននិយាយ បែបលេងសើចថា ប្រសិនបើរឿងនោះកើតឡើង កាណាដា នឹងក្លាយជារដ្ឋពណ៌ខៀវជ្រៅ ដែលប្រហែលជាជ្រើសរើសពួកសេរីនិយម និងពួកឆ្វេងនិយម។
ជាមួយគ្នានេះ លោក Trump បានស្នើឱ្យបែងចែកប្រទេសជាពីររដ្ឋ ដែលរដ្ឋមួយនឹងសេរី និងមួយទៀតជាអ្នកអភិរក្សនិយម។
លើសពីនេះ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ក៏បានលើកឡើងថា លោក Trudeau អាចក្លាយជាអភិបាលរដ្ឋនៃរដ្ឋទី ៥១ របស់សហរដ្ឋអាមេរិកនេះ ផងដែរ៕
ដោយ៖ ពេជ្រ